ស្ថានភាពទិញ-លក់ដីធ្លី នៅក្នុងទីក្រុងភ្នំពេញមានភាពស្រពេចស្រពិល

0

ដោយ ហ្សូលី

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបង្ហើបប្រាប់ឱ្យដឹងថា គិតមកទល់ពេលនេះ តម្លៃដីធ្លីស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញហាក់ដូចជាមិនទាន់មានច្បាស់លាស់នៅឡើយ ខណៈប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាត។

នាយិកាប្រចាំក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញស្តីពីវិស័យអចលនទ្រព្យនិងសំណង់អំឡុង Covid-19 កាលពីថ្មីៗនេះឱ្យដឹងថា តម្លៃដីដែលស្ថិតនៅក្នុងខណ្ឌមួយចំនួននៅទីក្រុងភ្នំពេញហាក់មានសភាពមិនច្បាស់លាស់។

លោកស្រីបន្តថា ថ្មីៗនេះមិនមានតម្រូវការដីធ្លីនៅក្នុងទីក្រុងឡើយ ព្រោះការផ្គត់ផ្គង់មានភាពគ្រប់គ្រាន់និងពេញលេញ។ ជាក់ស្តែងដូចជាតម្លៃដីនៅខាងខណ្ឌចំការមន និងខណ្ឌដូនពេញស្ថិតក្នុងសភាពទ្រឹង។ តែយ៉ាណាបញ្ហាវិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតមិនសូវជាជះឥទ្ធិពលប៉ុន្មានទេ ដោយសារម្ចាស់ដីធ្លីនៅក្នុងតំបន់នោះគឺជាបុគ្គលដែលមានជីវភាពកម្រិតខ្ពស់។

ទន្ទឹមនេះ លោកស្រីបានពន្យល់បន្ថែមថា ស្ថានភាពដីធ្លីនៅក្នុងតំបន់ផ្សេង ឬនៅឆ្ងាយពីក្រុងមួយចំនួនជួបប្រទះនូវការធ្លាក់ចុះឬភាពស្ងប់ស្ងាត់ បណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពយឺតយ៉ាវនៃដំណើរប្រតិបត្តិការ តម្លៃដីធ្លីនៅកណ្តាលក្រុងមានភាពនឹងនរមិនឡើងថ្លៃ និងកំណើនចរន្តប្រតិបត្តិការទិញ-លក់នៅជាយក្រុង ជាដើម។

ក្រៅពីនេះ ដោយសារលំអោននៃការវិនិយោគមួយចំនួន នាំឱ្យគម្រោងខ្លះត្រូវពន្យាពេលសម្ពោធ និងផ្អាកបណ្តោះអាសន្ន ព្រោះអតិថិជនបរទេសធ្លាក់ចុះ និងម្ចាស់គម្រោងអភិវឌ្ឍធំៗកំពុងពន្យាពេលសម្រេចចិត្ត។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance បានលើកឡើងថា ចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជា មានសន្ទុះសារជាថ្មីកាលពីខែឧសភា និងដើមខែមិថុនា ប៉ុន្តែក្រោយមកក៏ធ្លាក់ក្នុងភាពស្ងប់ស្ងាត់ទៅវិញ ដោយសារមានករណីថ្មីនៃជំងឺរាតត្បាត Covid-19។

អគ្គនាយករូបនេះបានធ្វើការអំពាវនាវដល់អ្នកមានគម្រោងទិញអចលនទ្រព្យផងដែរថា មុននឹងសម្រេចចិត្តទិញគប្បីមានការប្រុងប្រយ័ត្នឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here