អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនិយាយពីឱកាសវិនិយោគនៅក្នុងខេត្តរតនៈគីរី

0

ដោយៈ រ៉ាណេត

រតនៈគីរីៈ សម្រាប់បណ្តាខេត្តនានានៅទូទាំងប្រទេស ដែលបានក្លាយជាគោលដៅវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្រៅពីតំបន់មួយចំនួនស្ថិតនៅក្នុងខេត្តចំនួន៤ ជាប់សមុទ្រ ខេត្តរតនៈគីរីដែលស្ថិតភាគឦសាន នៃប្រទេសក៏ជាអាទិភាពមួយក្នុងការវិនិយោគលើវិស័យដីធ្លីផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី២៨ ខែក្កដា ឆ្នាំ២០២០នេះថា ខេត្តរតនៈគីរី នៅមានវិសាលភាពដីធ្លីធំធេង ដែលផ្តល់ឱកាសដល់ការវិនិយោគជាច្រើន ហើ​យក៏អាចអភិវឌ្ឍន៍សម្រាប់បម្រើនៅក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្តថា “ខេត្តមួយនេះមានសក្ដានុពលខ្លាំង និងផ្តល់ឱកាសច្រើនទៅលើការវិនិយោគក្នុងវិស័យកសិកម្ម និងទេសចរណ៍ច្រើនជាងការវិនិយោគ ក្នុងវិស័យសំ​ណង់”។ លោកបន្តថា “វិស័យទេសចរណ៍ នៅខេត្តរតនគីរី មានសក្ដានុពលខ្លាំងដែលសម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិជាច្រើន ដែលបណ្តាខេត្តភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនមានដូច”។

លោកបន្តថា “តាមខ្ញុំគិតបច្ចុប្បន្ននេះ វាជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី ដោយសារតែដីនៅមានវិសាលភាពធំធេងនៅឡើយ ហើយតម្លៃក៏នៅមានកម្រិត”។

ការវិនិយោគដីធ្លីនៅក្នុងខេត្តនេះ គឺសម្រាប់បម្រើដល់វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ហើយក៏មានអ្នកអភិវឌ្ឍន៍ កំពុងសម្លឹងមើលពីតំបន់មួយចំនួនក្នុងខេត្តដើម្បីបណ្តាក់ទុនវិនិយោគផងដែរ”។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍បញ្ជាក់តាមទូរស័ព្ទថា ខេត្តដែលស្ថិតនៅភាគឦសានមួយនេះ មានសក្ដានុពលល្អក្នុងវិស័យទេសចរណ៍ ហើយបើនិយាយពីការវិនិយោគ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផ្សេងៗ ក៏ស្ថិតនៅក្នុងគោលដៅបម្រើ ដល់វិស័យទេសចរណ៍ដែរ ដូចជាការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយជាដើម។

អភិបាលខេត្តរតនៈគីរី លោក ថង សាវុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគ រោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដោយគិតមកទល់ពេលនេះ គម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប២៣០ ហើយដោយសារសក្តានុពលដីធ្លី មានអំណោយផលលើវិស័យកសិកម្ម បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផល ទៅក្រៅប្រទេសបានជាង៨៧,០០០តោន មានទឹកប្រាក់ប្រមាណ៣៧លានដុល្លារកាលពីឆ្នាំមុន។

លោកបន្តថា នៅក្នុងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង១២០,០០០ហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះ សម្រេចបានតែប្រមាណ៥៥,០០០ហិកតាប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here