ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ សួនសត្វធំជាងគេនៅភ្នំពេញ និងមានឈ្មោះថា “ភ្នំពេញសាហ្វារីវើលដ៏នឹងបើកដំណើរការនៅចុងខែធ្នូ ក្នុងចុងឆ្នាំនេះហើយ បន្ទាប់ពីសួនសត្វនេះបានចំណាយពេលសាងសង់រយៈពេលប្រមាណ២ឆ្នាំ។
យោងតាមមន្ត្រីគ្រប់គ្រងសួនសត្វនេះ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សួនសត្វដែលបានផ្លាស់ប្តូរទីតាំងពីខេត្តកោះកុង មកកាន់រាជធានីភ្នំពេញនេះបានចំណាយទុនវិនិយោគអស់ប្រមាណ១០លានដុល្លារអាមេរិក និងជាគំរោងវិនិយោគដោយលោកឧកញ៉ាលី យ៉ុងផាត់អគ្គនាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប។លោកបន្តថា សួនសត្វនេះត្រូវបែងចែកជាបួនតំបន់ខុសៗគ្នា ទី១ ការសម្តែងរបស់សត្វខ្លា ទី២ ការសម្តែងរបស់សត្វក្រពើ ទី៣ ការសម្តែងរបស់សត្វស្វាអូរ៉ង់ អូតង់ និងទី៤ ការសម្តែងរបស់សត្វសេកមកពីតំបន់អាហ្វ្រិក និងប្រទេសដទៃទៀត។
-->
សួនសត្វនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងរណបតេជោមរកត ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងស្វា គមន៍វត្តមានសួនសត្វដ៏ធំនេះ ដោយលោកបានថ្លែងថា វាជាផលិតផលទេសចរ ណ៍ថ្មីមួយទៀតសម្រាប់ក្រុងភ្នំពេញ ដែលអាចឲ្យប្រតិបត្តិករទេសចរណ៍អាចរៀបចំខ្សែទស្សនកិច្ចបានសម្រាប់ភ្ញៀវ ដោយចាកចេញពីទីក្រុងភ្នំពេញទៅកាន់តំបន់បាក់ខែង និងឆ្ពោះទៅកាន់តំបន់ភ្នំតាម៉ៅ សម្រាប់ជាខ្សែទស្សនកិច្ចមានភា ពទាក់ទាញផងដែរ។
លោកបន្តថា “នៅរាជធានីភ្នំពេញមិនសូវមានកន្លែងកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះទេ ដែលទាមទារឲ្យមានអ្នកវិនិយោគ ធ្វើការវិនិយោគរមណីយដ្ឋានកែច្នៃបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន”៕