ដោយ គង់ សូរិយា
ភ្នំពេញ៖ តម្លៃរថយន្តថ្មី និងជជុះបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីការដំឡើងពន្ឋជាថ្មី និងនិតិវិធីថ្មីនៃការបង់ពន្ឋរបស់រដ្ឋាភិបាល។
អ្នកលក់រថយន្តមួយតឹក នៅតាមបណ្តោយផ្លូវលេខ៣៧១លោកសាន ថូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសាម្សិលម៉ិញនេះថា តម្លៃរថយន្តមួយតឹក ឬរថយន្តជជុះពិតជាបានឡើងថ្លៃខ្លាំងនៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលកំណត់ឲ្យនាំចូលរថយន្តមួយតឹក ដែលផលិតចាប់ពីឆ្នាំ២០០៤ឡើង។
ហេតុនេះអ្នកនាំចូលរថយន្តមួយតឹកដែលផលិតមុនឆ្នាំ២០០៤ ក៏ត្រូវបង់ពន្ឋដូចរថយន្តផលិតនៅឆ្នាំ២០០៤ផងដែរ។ លោកបន្តថា ដោយសារអនុវត្តន៍និតិវិធីបែបនេះ បានធ្វើឲ្យរថយន្តមួយតឹកឡើងថ្លៃក្នុងមួយគ្រឿង២០០០ដុល្លារ ឬច្រើនជាងនេះ អាស្រ័យលើប្រភេទរថយន្តនិមួយៗ។
លោកបន្តថា “រថយន្តមួយតឹកម៉ាកកាម៉ារីបាឡែនផលិតឆ្នាំ២០០២ ឬ២០០៣ ពីមុនលក់ក្នុងតម្លៃ១៣០០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានឡើងដល់១៥០០០ដុល្លារ និងរថយន្តម៉ាកហាយឡេនឌ័រពីមុនលក់ត្រឹម១៥០០០ដុល្លារ ឥឡូវឡើងដល់១៩០០០ដុល្លារក្នុងមួយគ្រឿង”។
លោកសាន ថូបានបន្តថា ដោយសារការឡើងថ្លៃរថយន្ត និងចំនួនទីតាំងលក់រថយន្តបានកើនឡើងច្រើន បានធ្វើឲ្យការលក់រថយន្តកាន់តែស្ងប់ស្ងាត់ និងស្ថានភាពទីផ្សារកាន់តែមានការប្រកួតប្រជែងខ្លាំង។
អគ្គនាយកក្រុមហ៊ុន RMA ទទួលបន្ទុកផ្នែកបច្ចេកទេសយានយន្តលោកសេង វឹងបានថ្លែងស្រដៀងគ្នាថា ការអនុវត្តនិតិវិធីនៃការបង់ពន្ឋរថយន្តថ្មី បានធ្វើឲ្យពន្ឋរថយន្តបានកើនឡើងជាង១០ភាគរយថែមទៀតនៅឆ្នាំ២០១៨នេះ ដោយទំហំនៃការបង់ពន្ឋបានកើនពីជាង៤០ភាគរយ ដល់ជាង៥០ភាគរយនៃតម្លៃរថយន្តថ្មី។ លោកបន្តថា ការដំឡើងពន្ឋនេះ បានធ្វើឲ្យតម្លៃរថយន្តថ្មីកើនជាង៣០០០ដុល្លារ ក្នុងមួយគ្រឿងក្នុងឆ្នាំនេះ ជាមួយគ្នានេះ ការបង្កើននូវការដាក់បច្ចេកវិទ្យាកាន់តែទំនើបពីរោងចក្រ ក៏បានធ្វើឲ្យតម្លៃរថយន្តកើនឡើងផងដែរ។
លោកបន្តថា “ទោះជាយ៉ាងណាការលក់រថយន្តរបស់យើង មានភាពប្រសើរនៅឆ្នាំនេះ ដោយរថយន្តម៉ាក Pick Up មិនអាចផ្គត់ផ្គង់ទាន់តម្រូវការអតិថិជន ប៉ុន្តែបើមើលទីផ្សាររួម ស្ថានភាពនៃការលក់រថយន្តថ្មីមិនកើនទេ”។លោកបន្តថា “ដោយសារការផ្តល់ឥណទានទិញរថយន្តកាន់តែងាយស្រួលជាងមុន ខ្ញុំរំពឹងថាការលក់រថយន្តថ្មីក្នុងឆ្នាំនេះ ស្ថិតនៅសភាពទ្រឹងប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
លោកសេង វឹងបានបន្តថា កំនើនសេដ្ឋកិច្ចល្អប្រសើរ ការរីកចម្រើននៃវិស័យអចលទ្រព្យ ទេសចរណ៍ និងវិស័យទ្រទ្រង់សេដ្ឋកិច្ចដទៃទៀត នឹងជួយដល់ឧស្សាហកម្មយានយន្តនៅកម្ពុជានាពេលអនាគត៕