ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្ពានអ្នកលឿងឬត្សឹបាសា បានតភ្ជាប់ច្រករបៀងភាគខាងត្បូងក្នុងភ្នំពេញ ទៅកាន់ទឹកដីខេត្តស្វាយរៀង និងព្រៃវែង ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋផ្លូវជាតិ និងស្ពានដ៏ស្រស់ស្អាតនេះ មិនទាន់ផ្លាស់ប្តូរមុខមាត់ខេត្តទាំងពីរជាដុំកំភួននោះទេ។
ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងពញរៃវែង ខេត្តព្រៃវែងអ្នកនាងហួត ធីតាបាននិយាយឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ខេត្តព្រៃវែងមានការរីកចំរើនទាំងជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ឋនានា ប៉ុន្តែខេត្តនេះមិនទាន់ទាក់ទាញបានអ្នកវិនិយោ គជាតិ និងអន្តរជាតិមកវិនិយោគបុរី ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែមានគ្រួសារមួយបានពុះដីឡូត៍លក់លើផ្ទៃដី១០ហិកតា ជាការពុះដីលូត៍លក់លើកតំបូងនៅក្នុងខេត្តនេះ។
-->
កញ្ញាបន្តថា ដីឡូត៍លក់ពុះលក់នោះមានតំលៃចាប់ពី៩០០០ សម្រាប់ទំហំដី៥គុណនឹង២១ម៉ែត្រការ៉េ និងដីឡូត៍សម្រាប់សាងសង់វីឡាមានទំំហំ១៨ គុណនឹង២១ម៉ែត្រការ៉េ ដែលមានតំលៃ២០០០០ដុល្លារអាមេរិក។
កញ្ញាធីតាបានបន្តថា “ខេត្តនេះនៅតែស្ងប់ស្ងាត់ ព្រោះមិនទាន់មានអ្នកវិនិយោគជាតិ អន្តរជាតិមកបោះទុនវិនិយោគនៅឡើយទេ”។
លោកលាភ ភិរុនអភិបាលក្រុងព្រៃវែងបានថ្លែងស្រដៀងគ្នាថា ខេត្តនេះពិតជាមិនទាន់ មានការចាប់អារម្មណ៍ពីអ្នកវិនិយោគនានានៅឡើយទេ បើទោះជាខេត្តនេះមានសក្តានុពលលើទេសចរណ៍វប្បធ៌ម និងការអប់រំបណ្តុះបណ្តាលក្តី។លោកបន្តថា ខេត្តនេះមានសក្តានុពលលើការបណ្តុះបណ្តាលអប់រំ ព្រោះជាខេត្តមានសភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់អ្នកសិក្សារៀនសូត្រស្នាក់នៅ ប៉ុន្តែមិនទាន់មានការវិនិយោគពីវិស័យឯកជននៅឡើយទេ។

ក្រុងព្រៃវែងមានសង្កាត់ចំនួនបី និងមានប្រជាពលរដ្ឋរស់នៅសរុបជាង២៦០០០នាក់។
លោកលាភ ភិរុណបានបន្តថា រហូតមកទល់ពេលនេះ ការសាងសង់ផ្ទះល្វែងឬមជ្ឈមណ្ឌលសកម្មភាពពាណិជ្ជកម្មផ្សេងៗ មិនមានការវិនិយោគនៅឡើយទេ ហើយការទិញ លក់ដីធ្លីក៏មិនមានសកម្មភាពជាដុំកំភួននោះដែរ គឺមានតែការដោះដូរជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
ងាកទៅកាន់ខេត្តស្វាយរៀងឯណោះវិញ ក៏មិនមានសកម្មភាពអ្វីជាដុំកំភួននោះឡើយ បើទោះជាកាលពីប៉ុន្មានឆ្នាំមុនការជួញដូរដីធ្លី នៅក្រុងបាវិត ជាប់ព្រំប្រទល់ប្រទេសវៀតណាម មានសភាពពុះកញ្រ្ជោលក្តី។
លោកសារិត ជាអ្នកសារព៌តមានមួយរូបរស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀងបានថ្លែងឲ្យដឹងថា ពីមុនមានសកម្មភាពទិញលក់អចលនទ្រព្យច្រើន ក្នុងក្រុងបាវិត ប៉ុន្តែចាប់តាំងពីមរណភាពលោកហុង ឡង់ឌី និងលោកឈូក បណ្ឌិតបង្កបញ្ហាកន្លងមកបានធ្វើឲ្យក្រុងបាវិតកាន់តែស្ងប់ស្ងាត់ ហើយតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងបាវិត ដែលមានរោងចក្រជាច្រើនបើកដំណើរការ ក៏ជួបភាពរអាក់រអួលផងដែរលើសង្វាក់ផលិតកម្មរបស់ពួកគេ។

លោកបន្តថា “ការទិញលក់ដីធ្លីនាពេលនេះស្ងប់ស្ងាត់ណាស់ ហើយកាស៊ីណូនៅទីក្រុងបាវិតក៏បានបិទទ្វារជាបន្តបន្ទាប់ផងដែរ ព្រោះគ្មានមនុស្សចូលលេងនោះទេ ដោយសារសេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពយ៉ាប់យឺន”។លោកបន្តថា “បើមើលហាងគុយទាវក្នុងទីរួមខេត្តស្វាយរៀង គឺស្ងប់ស្ងាត់ណាស់ មួយថ្ងៃមានភ្ញៀវ២០ទៅ៣០នាក់ប៉ុណ្ណោះ តែបើសិនជាមានភ្ញៀវពេញៗគឺមានន័យថា ប្រជាពលរដ្ឋមានប្រាក់ចំណូលល្អប្រសើរហើយ”។
ទោះជាយ៉ាងណាលោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា និងជាអ្នកមានស្រុកកំណើតនៅក្រុងបាវិតហាក់មានសុទិដ្ឋិនិយមជាងនេះបន្តិច ដោយលោកលើកឡើងថា បច្ចុប្បន្នក្រុងស្វាយរៀង មិនមានសកម្មភាពពាណិជ្ជកម្មរសរវើកទេ ប៉ុន្តែក្រុងបាវិតមានសកម្មភាពរសរវើកច្រើន ដោយសកម្មភាពពាណិជ្ជកម្មបានដុះដាលឡើងវិញច្រើន ទាំងកាស៊ីណូ សេវាកម្ម សកម្មភាពាណិជ្ជកម្ម ដោយយសារការចូលទៅដល់នៃក្រុមអ្នកវិនិយោគចិន កាន់តែច្រើនបានចូលទីវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់នោះ។
លោកបន្តថា “សកម្មភាពពុះដីឡូត៍លក់ ការសាងសង់ផ្ទះសំរាប់ជួលបានកើនឡើងវិញ ដោយសារមានកម្មករជាច្រើនម៉ឺននាក់បានចូលធ្វើការនៅក្នុងតំបន់ឧស្សាហកម្មនៅទីនោះ”។
លោករស់ ផារិទ្ទនាយករដ្ឋបាលសាលាខេត្តស្វាយរៀងបានលើកឡើងស្រដៀងគ្នាថា ខេត្តស្វាយរៀងមិនទាន់មានការអភិវឌ្ឍន៍សំណង់បុរី ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែមានតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត ដែលមានសហគ្រាស រោងចក្រជាង១៥៥កន្លែង ដោយបានផ្តល់ការងារដល់កម្មករជាង៥ម៉ឺននាក់។លោកបន្តថា ចំណែកកាស៊ីណូមានការបើកដំនើរការ និងបិទខ្លះអាស្រ័យលើស្ថានភាពភ្ញៀវជាក់ស្តែង ព្រោះតាមច្បាប់កម្ពុជា មិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋចូលលេងនៅកាស៊ីណូនោះទេ។ រីឯភ្ញៀវពីវៀតណាមចូលមកកំសាន្តនៅកាស៊ីណូទាំងនោះ មានការចេញចូលជាធម្មតា ពួកគេមកពេលព្រឹក ពួកគេត្រលប់ទៅវិញពេលល្ងាច។
លោកបន្តថា “ប្រសិនជាមើលសកម្មភាពទិញ លក់ដីមានសកម្មភាពខ្លះៗនៅតំបន់សេដ្ឋកិច្ចពិសេស ហើយតំលៃនៃការទិញលក់ អាស្រ័យលើតម្រូវការជាក់ស្តែងនៅមូលដ្ឋាន”។
យោងតាមផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥រដ្ឋាភិបាលមានគំរោងរៀបចំក្រុងបាវិតជាតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការកែលំអរហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីទទួលយកផលប្រយោជន៍ ពីការតភ្ជាប់ខ្សែក្រវ៉ាត់ភាគខាងត្បូងប្រទេស ដែលកម្ពុជាក្លាយជាចំណុចឆ្លងកាត់រវាងប្រទេសថៃ និងវៀតណាមតាមផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែតតាមរយៈផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង៕








