ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងដំណាច់ត្រីមាសទី១ឆ្នាំនេះមានក្រុមហ៊ុន សហគ្រាសថ្មីចំនួនសរុប៣,៥៤៥បានចុះបញ្ជីតាមអនឡាញកើនឡើង១៥៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មេសានេះថា គិតមកដល់ពេលនេះចំនួនក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់សរុបប្រមាណជាង៦ម៉ឺនក្រុមហ៊ុន សហគ្រាសហើយ។ ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសដែលមិនទាន់បានចុះបញ្ជី មេត្តាចុះតាម ប្រព័ន្ធអនឡាញដែលចែងក្នុងច្បាប់។ លោកបញ្ជាក់ទៀតថា ប្រសិនបើពាណិជ្ជករណា មិនព្រមចុះបញ្ជីក្នុងច្បាប់អាចចាត់ទុកថា ជាការធ្វើអាជីវកម្មមិនស្របច្បាប់ ហើយនឹងត្រូវរងការប្តឹងពីតុលាការអំពីបទធ្វើ អាជីវកម្មខុសច្បាប់ ដោយរងការផាកពិន័យជាទឹកប្រាក់ ឬអាចជាប់ពន្ធនាគារទៀតផង។
លោកបន្តថា “ក្រោយពីប្រកាសដាក់ឲ្យដំណើរចុះបញ្ជីរតាមប្រព័ន្ធអ៊ិនធើណេត ឬអនឡាញ មកទល់ពេលនេះការចុះបញ្ជីដោយដៃ បានបញ្ចប់ទាំងស្រុង១០០ភាគរយ ស្របពេលដែលពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បានយល់កាន់តែច្រើនអំពីការចុះបញ្ជី”។ លោកបន្តថា “ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសទាំងនោះ អាចបង់ប្រាក់អនឡាញសម្រាប់ថ្លៃចុះបញ្ជីបានយ៉ាងងាយ ដោយសារក្រសួងពាណិជ្ជកម្ម បានសហការជាមួយធនាគារពាណិជ្ជជាច្រើនក្នុងស្រុក ដើម្បីឲ្យម្ចាស់ពាណិជ្ជកម្មទាំងអស់ ងាយស្រួលក្នុងការបង់ថ្លៃសេវាពីទីកន្លែងណាក៏បាន”។















