ដំណឹងល្អ៖ វិស័យសេវាកម្មកម្ពុជា នឹងបន្តកំនើន ៧% សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានបង្ហាញថា វិស័យសេវាកម្មនឹងបន្តកំនើនល្អប្រសើរ ក្នុងរង្វង់៧ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមការព្យាកណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ ត្ថុ។

យោងតាមឯកសារសមិទ្ធកម្ម និងទស្សនវិស័យរបស់អគ្គនាយកដ្ឋានគោលនយោ​បាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងកាលពីម្សិលម៉ិញនេះថា វិស័យសេវាកម្មត្រូវបានព្យា​ករណ៍ថា ទោះជាសម្រេចបានកំនើនល្អប្រសើរក្តី ក៏វិស័យនេះនឹងមានការថមថយបន្តិចបន្តួច ធៀបទៅនឹងឆ្នាំ២០១៧ ដែលស្ថិតក្នុងរង្វង់តម្លៃប៉ានស្មានប្រមាណ៧,១ភាគរយ។

នៅក្នុងផ្នែកសេវាកម្ម វិស័យសំខាន់ៗទាំង៣រួមមាន វិស័យទេសចរណ៍ ការលក់ដុំ-លក់រាយ ការដឹកជញ្ជូន និងទូរគមនាគមន៍ រួមជាមួយវិស័យអចលនទ្រព្យ ត្រូវបានរំពឹងទុកនៃកំណើនល្អប្រសើរ ក្នុងនោះវិស័យទេសចរណ៍នឹងបន្តងើបឡើង ក្នុងអត្រាកំណើន៤,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ នឹងបន្តងើបឡើងកាន់ល្អក្នុងរង្វង់៤,៧ភាគរយក្នុងឆ្នាំ២០១៩បានកើនឡើង ដោយសារកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរនៅក្នុងតំបន់អាស៊ី រួមជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ការលើកទឹកទឹកចិត្តជម្រុញឲ្យមានការបើកជើងហោះហើរត្រង់ និងការដាក់ចេញនូវគោលនយោ​បាយនានា។

តែទោះជាយ៉ាងណា ការធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ ព្រមទាំងការទាក់ទាញភ្ញៀវ នៅតែជាការចាំបាច់និងបន្ទាន់ ដើម្បីសំដៅធានាចីរភាពកំណើននៃវិស័យនេះ ក្នុងការបន្តតួនាទីជាជន្ទល់សំខាន់មួយ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ឯកសារដដែលបានបន្តថា ចំណែកវិស័យលក់ដុំ រាយត្រូវបានព្យាករណ៍ថា នឹងមានកំណើនរឹងមាំក្នុងអត្រា៧,២ភាគរយក្នុងឆ្នាំ២០១៨ និង៧,៣ភាគរយនៅក្នុងឆ្នាំ២០១៩ ដែលកំណើននេះ នឹងឡើងខ្ពស់ជាងឆ្នាំ២០១៧ដែលមានត្រឹម៦,៩ភាគរយ។ ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានមកនេះ ការប្រើប្រាស់ទំនិញក្នុងស្រុកត្រូវបានវាយតម្លៃថា មានសន្ទុះខ្លាំង ហើយនិន្នាការនេះ នឹងនៅបន្តទៅមុខទៀត ព្រោះបច្ចុប្បន្នប្រជាជនមានប្រាក់ចំណូលមធ្យ​មបានកើនឡើង ដែលបានផ្លាស់ប្តូរឥរិយាបទនៃការចាយវាយមានច្រើនជាងមុន។

ដោយឡែកវិស័យអចលនទ្រព្យត្រូវបានរំពឹងថា នឹងនៅបន្តមានកំណើនរឹងមាំ ក្នុងរង្វង់៨,៥ភាគរយ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ គឺមានការធ្លាក់ចុះបន្តិចបន្តួចបើប្រៀបធៀបទៅឆ្នាំ២០១៧។ ចំណែកវិស័យការដឹកជញ្ជូននិងទូរគមនាគមន៍ក៏ត្រូវបានរំពឹងថា នឹងនៅបន្តមានកំណើនរឹងមាំក្នុងរង្វង់៧,៣ភាគរយក្នុងឆ្នាំ២០១៨ និង៧,៥ភាគរយនៅក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅឆ្នាំ២០១៧ ដែលស្ថិតក្នុងអត្រាកំនើន៩,២ភាគរយ។ ចំណែកវិស័យដឹកជញ្ជូ​ននឹងបន្តកំនើន ហើយកំណើននៃវិស័យនេះ នឹងត្រូវជម្រុញដោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការបើកផ្លូវរថភ្លើងថ្មី (ភ្នំពេញ-ប៉ោយប៉ែត) ការពង្រីកព្រលានយន្តហោះ និងកំពង់ដែរនានា ព្រមទាំងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធឡូជីស្ទឹក ដែលនឹងជួយប៉ះប៉ូវដល់កំណើនយឺត នៃការនាំចេញផលិតផលនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here