តម្លៃដីនៅតាមផ្លូវចំនួន២ ថ្លៃជាងគេក្នុងរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កំណើននៃចំនួនគម្រោងអភិវឌ្ឍសំណង់អាគារពាណិជ្ជកម្មធំៗដែលកំពុងរីកដុះដាលនៅពេលបច្ចុប្បន្នបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងជាលំដាប់ ហើយដីដែលមានតម្លៃខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ គឺស្ថិតនៅតាមបណ្តោយមហាវិថីចំនួន២ ដែលនៅទីតាំងខ្លះឡើងរហូតដល់៨ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះថា បើទោះបីជាចលនាទិញលក់អចលនទ្រព្យនៅក្នុងឆ្នាំនេះមានការថមថយចុះបន្តិច ប៉ុន្តែសម្រាប់តម្លៃដីនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស និងផ្លូវនរោត្តមនៅតែស្ថិតនៅកម្រិតខ្ពស់ជាងគេនៅទីក្រុងទីភ្នំពេញ។

លោកស្រីបានថ្លែងថា “រហូតមកពេលនេះ ដីដែលថ្លៃជាងគេបំផុតនៅតាមបណ្ដោយផ្លូវមុន្នីវង្ស និងផ្លូវនរោត្តម ហើយតម្លៃដីអាចឡើង ទៅដល់ ៨០០០ ដុល្លារក្នុងម៉ែត្រការ៉េសម្រាប់ផ្លូវទាំងពីរនេះ។ ផ្លូវមុន្នីវង្សជាផ្លូវដែលបន្តុំដោយអគារខ្ពស់ៗ និងហាងទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារ និងមានចរន្តសេដ្ឋកិច្ចខ្លាំង ខណៈដែលផ្លូវព្រះនរោត្តមជាផ្លូវគណៈប្រតិភូ និងតំបន់ពាណិជ្ជកម្មផងដែរ ហើយសម្រាប់ចរន្តសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវនេះវិញ ក៏មានភាពខ្លាំងក្លាមិនខុសពីផ្លូវមុនី្នវង្សនោះទេ។

លោកស្រី អាន សុធីតា បានបន្តថា “ចំនួននៃការទិញលក់អចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០២០នេះមានការធ្លាក់ចុះនៅក្នុងទីផ្សារទាំងមូល បើធៀបនឹងឆ្នាំ ២០១៩ដោយសារតែបញ្ហាចម្បងដែលបណ្តាលមកពីជំងឺកូវីដ ប៉ុន្តែចលនានៃការទិញលក់អចលនទ្រព្យតម្លៃក្រោម១លានដុល្លារ បែរជាកើនឡើងនៅជាយក្រុង ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវ និង៦០ ម៉ែត្រ ផ្លូវ៥១ ជាដើម”។

ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។

លោកបានបញ្ជាក់ថា “ដីដែលស្ថិតនៅតាមបណ្តាផ្លូវខាងលើនេះ គឺត្រូវបានគេគិតជាចំណែកផ្សេងៗពីគ្នា ជាក់ស្ដែងដូចជាផ្លូវព្រះមុន្នីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី ៥០០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះ អាស្រ័យលើទំហំដី និងតម្រូវការជាក់ស្ដែង ហើយចាប់ពីម្ដុំពេទ្យរហូតដល់ម្ដុំស្តុបបូគោ អាចមានចន្លោះ៤០០០ ទៅ ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here