ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានអាណត្តិទី២៣ ក្រោមការគាំទ្រពីបណ្តាសមាជិកទាំង៨ប្រទេស។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបតែត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានក្នុងអាណត្តិទី២៣ ក្រោមការគាំទ្រពីសមាជិកទាំង៨ប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា អាណត្តិជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ានត្រូវបានធ្វើការផ្លាស់ប្ដូររៀងរាល់មួយឆ្នាំម្ដង។
លោកបានបញ្ជាក់ថា “តួនាទីជាប្រធានសមាគមអាស៊ាននេះ គឺត្រូវបានធ្វើឡើងដោយវិលជុំក្នុងនាមជាអ្នកជំនាញក្នុងការវាយតម្លៃ។ នៅក្នុងនាទីជាប្រធានសមាគមដែលមានសមាជិករហូតដល់៨ប្រទេសនេះ គឺយើងត្រូវរៀបចំ និងដឹកនាំកិច្ចប្រជុំនៅក្នុងតំបន់អាស៊ាន រួមជាមួយនឹងការប្រឹក្សាចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងមូលដ្ឋាននៃការវាយតម្លៃអចលនទ្រព្យនៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅក្នុងតំបន់ផងដែរ”។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា “គោលការណ៍នៃការវាយតម្លៃ គឺគេមានស្ដង់ដារ IRS ឬ IVS ដោយមានការប្រៀបធៀបទៅនឹងចំណុចរួមផ្សំជាច្រើនទៀត រួមមានដូចជាកត្តាសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ច ទីតាំង និងទំហំនៃតម្លៃជាក់ស្ដែងរបស់អចលនវត្ថុផងដែរ។ ដោយឡែក នៅក្នុងលក្ខខណ្ឌលម្អិតនៅក្នុងកិច្ចការជាប្រធានវាយតម្លៃនៅក្នុងតំបន់អាស៊ានគឺជាការដឹកនាំកិច្ចប្រជុំ បង្កើតព្រឹត្តិការណ៍នានា ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍របស់បណ្តាសមាជិកគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន”។
បន្ថែមពីលើអីដែលលោកបានលើកឡើងខាងលើនេះ តាមរយៈឱកាសនៃការក្លាយជាអ្នកតំណាងកម្ពុជាក្នុងនាមប្រធាននៅក្នុងតំបន់អាស៊ាន ទាំងប្រជាជន ក៏ដូចជាបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសរដ្ឋាភិបាលកម្ពុជា នឹងទទួលបានផលចំណេញជាច្រើន ដែលអាចជួយបង្កើនកំណើនសេដ្ឋកិច្ចសង្គមជាតិទាំងមូលតាមរយៈការបង្ហាញពីសក្ដានុពលរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនានា ដើម្បីបង្កើនភាពទាក់ទាញលើការវិនិយោគ រួមជាមួយនឹងការធ្វើពាណិជ្ជកម្មផ្សេងៗផងដែរ៕