ដោយ ហ្សូលី
ភ្នំពេញ៖ ស្ថិតនៅក្នុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជាហាក់បីដូចជាធ្លាក់ចុះបន្តិច ប៉ុន្តែតំបន់ខ្លះនៅតែមានចរន្តទិញលក់ជាធម្មតា។ តែយ៉ាងណា អ្នកជំនាញបានបង្ហើបប្រាប់ពីទីតាំងដែលគួរវិនិយោគ ក្រោយពីវិបត្តិកូវីដបញ្ចប់។
អ្នកជំនាញអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ប្រាប់គេហទំព័រ PropertyArea.Asia ថា បើតាមទស្សនវិស័យរបស់លោក តំបន់ដែលគួរវិនិយោគនិងអាចមានសក្តានុពលខ្ពស់ក្នុងវិស័យអចលនទ្រព្យនោះគឺនៅតំបន់ខាងជើងឈៀងខាងលិច គឺល្អព្រោះតំបន់នោះឃើញថាមានការអភិវឌ្ឍច្រើនជាបន្តបន្ទាប់។
លោកបន្តថា តំបន់ខាងសែនសុខអាចនឹងមានសក្តានុពលកាន់តែខ្លាំង ព្រោះគម្រោងផ្សារដើមគថ្មីក៏បោះទីតាំងនៅតំបន់នោះ ព្រមទាំងមានគម្រោងបុរីធំៗជាច្រើន ហើយក៏ជាប្លុកអ្នកមានដែលសម្រុកទៅវិនិយោគនិងជាវអចលនទ្រព្យផងដែរ។
បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិចុះផ្សាយកាលពីសប្តាហ៍មុន ដោយអ្នកជំនាញអចលនទ្រព្យអន្តរជាតិ Ross Wheble កត់សម្គាល់ឃើញថា ខណ្ឌសែនសុខ ក៏ជាខណ្ឌមួយក្នុងចំនោមខណ្ឌដទៃទៀតក្លាយជាទីតាំងតំណាងឱ្យចក្ខុវិស័យ មានកំណើនរយៈពេលមធ្យម និងវែងល្អសម្រាប់វិនិយោគ។
លើសពីនេះ ខណ្ឌសែនសុខបច្ចុប្បន្នមិនមែនមានតែបុរីលំនៅដ្ឋាន និងដីធ្លីនោះទេ វិស័យខុនដូ និងការិយាល័យចាប់ផ្តើមរះឡើងបណ្តើរ ដោយសារកំណើនស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន តាំងទីនៅតំបន់នោះ ដូច្នេះក្រោយពេលដែលវិបត្តិកូវីដបញ្ចប់ ខណ្ឌសែនសុខអាចមានសក្តានុពលបន្ថែមទ្វេដង។
កាលពីឆ្នាំមុន ខណ្ឌសែនសុខបានក្លាយជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យម ប៉ុន្តែនៅឆ្នាំ ២០២០ ខណ្ឌនេះបំពេញទៅដោយបណ្តុំលំនោដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើដល់វិស័យពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ផ្លូវថ្នល់ខ្វែងខ្វាត់ ផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយ មានផ្សារទំនើបសាយភាពពាសពេញខណ្ឌ ដែលត្រៀមខ្លួនប្រែក្លាយទៅជាតំបន់ដែលមានសេដ្ឋកិច្ចខ្ពស់ និងតំបន់ពាណិជ្ជកម្ម៕