ដោយៈ រ៉ាណេត
ភ្នំពេញៈ អគារពាណិជ្ជកម្មកម្រិតអន្តជាតិចុងហ្វាង ស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានកម្ពស់ ១៨០ម៉ែត្រ នឹងក្លាយទៅជាអគាពាណិជ្ជកម្មពហុបំណងខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ ក្រោយការបញ្ចប់ការសាងសង់ទាំងស្រុង នៅត្រឹមចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្កន៍ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធការ បញ្ចប់ការសាងសង់គ្រោងអគារអន្តរជាតិចុងហ្វាង នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការបង្កើតអគារអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាទរចំពោះគម្រោងដ៏ធំមហិមាមួយនេះ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “អគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេនេះ ក្រោយពីការសាងសង់រួច អគារមួយនេះ នឹងអាចទាក់ទាញអតិថិជនជាច្រើនចូលមកទស្សនា និងទំនាក់ទំនងអាជីវកម្ម” ។ លោកបន្តថា “អគារពហុបំណង មានជាច្រើនវិស័យដូចជា ធនាគារពាណិជ្ជកម្មចិន មានមជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាពិសេសមានភោជនីយដ្ឋាននៅជាន់ខ្ពស់ ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន” ។
លោកឧកញ៉ា ជា សុខហេង តំណាងក្រុមហ៊ុនចុងហ្វាង អិនធ័រណេសិនណល នៅកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជា និងចិន ជាមហាមិត្តដែកថែប ដែលបច្ចុប្បន្នប្រទេសទាំងពីរបានរឹតចំណងយ៉ាងស្អិតល្មួត ទាំងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាក់ស្តែងអគារដ៏ធំស្កឹមស្កៃមួយនេះ បានកំពុងកើតឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ ដោយសាងសង់ឡើងក្នុងកម្ពស់១៨០ ម៉ែត្រ មានចំនួន៦០ជាន់ ហើយគម្រោងនេះសាងសង់ចប់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២០ ខាងមុខ” ។
លោកឧកញ៉ាបន្តថា ទោះបីមានរោគឆ្លង Covid-19 កើតមានឡើងក្នុងឆ្នាំ២០២០ នេះក៏ដោយ ក៏ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតែបន្តជានិច្ច ហើយទៅថ្ងៃមុខ គម្រោងអគារខ្ពស់ៗនឹងកើតឡើងជាបន្តបន្ទាប់ទៀត ។ អគារអន្តរជាតិចុងហ្វាងនេះ គឺជាគម្រោងទី។ ចំណែកគម្រោងទី២ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយគ្រោងសាងស់សរុបផ្ទៃក្រឡា រង្វង់១លានម៉ែត្រការ៉េ។ ចំណែកគម្រោងទី៣ គ្រោងចាប់សាងសង់នៅខេត្តកោះកុង និងគម្រោងទី៤ គ្រោងសាងសង់នៅកែបថ្មីឬឆ្នេរថ្មី នៅក្នុងទឹកដីខេត្តកំពត និងនៅមានគម្រោងជាច្រើន ដែលគ្រោងនឹងចាប់អភិវឌ្ឍន៍ជាបន្តបន្ទាប់៕