ដោយៈប៊ី
បាងកកៈ ខុនដូប្រណីតនៅតំបន់សុកខុមវីត (Sukhumvit) ទីក្រុងបាងកក បានកាត់បន្ថយតម្លៃ ដើម្បីទាក់ទាញអ្នកទិញ ខណៈតម្រូវការខុនដូ ដែលជាលំនៅដ្ឋានទី២ កំពុងកើនឡើង។

ដោយៈប៊ី
បាងកកៈ ខុនដូប្រណីតនៅតំបន់សុកខុមវីត (Sukhumvit) ទីក្រុងបាងកក បានកាត់បន្ថយតម្លៃ ដើម្បីទាក់ទាញអ្នកទិញ ខណៈតម្រូវការខុនដូ ដែលជាលំនៅដ្ឋានទី២ កំពុងកើនឡើង។

លោកស្រី Aliwassa Pathnadabutr នាយកគ្រប់គ្រងនៅក្រុមហ៊ុន CBRE ថៃ ដែលជាសាខាក្រុមហ៊ុនសេវាកម្ម អចលនទ្រព្យពាណិជ្ជកម្ម និងវិនិយោគរបស់អាមេរិក CBRE Group Inc បានថ្លែងកាលពីចុងសប្តាហ៍នេះថា ទីផ្សារអចលនទ្រព្យនៅត្រីមាសទី ២ឆ្នាំនេះ បានបង្ហាញសញ្ញាវិជ្ជមាន បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយ វិធានបិទទ្វារប្រទេស ដោយការផ្ទុះនៃជំងឺ Covid-19 ។
លោកស្រីបានមានប្រសាសន៍ថា “តម្រូវការកំពុងចាប់ផ្តើមកើនឡើង ខណៈអ្នកអភិវឌ្ឍន៍កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកទិញឱ្យលក់យូនីតខុនដូ ដែលនៅសល់ ហើយទទួលបានលំហូរសាច់ប្រាក់មកវិញ ដើម្បីទូទាត់ការធ្លាក់ចុះក្នុងពេលផ្ទុះជំងឺរាត្បាត។
ស្ថិតិរបស់ក្រុមហ៊ុន CBRE ក៏បានបង្ហាញផងដែរថា ចំនួនអ្នកទិញសក្តានុពល ដែលមកទស្សនាគម្រោងក្នុងខែកក្កដា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅឆ្នាំនេះទីផ្សារខុនដូប្រណីត មានការផ្គត់ផ្គង់តិចជាងមុន ខណៈពេលដែលគម្រោងថ្មីៗភាគច្រើនផ្តោតលើយូនីត ដែលមានតម្លៃទាបជាង៣លានបាត ឬតិចជាង ១៥០,០០០បាតក្នុងមួយម៉ែតការ៉េ ដើម្បីឆ្លើយតបនឹងអំណាច នៃការទិញរបស់ប្រជាជន អំឡុងពេលមានការធ្លាក់ចុះសេដ្ឋកិច្ច។
លោកស្រីថ្លែងថា “ជាលទ្ធផល អ្នកអភិវឌ្ឍន៍ខុនដូពិសេសនៅតំបន់ Sukhumvit ដែលមាន៤០០០ យូនីតកំពុងបញ្ចុះតម្លៃរបស់ពួកគេពី៥ ទៅ៤០ភាគរយ ដូច្នេះពួកគេអាចបិទគម្រោងនេះបានឆាប់បំផុត” ។
ក្រុមហ៊ុន CBRE ក៏បានរកឃើញថា កាលពីឆ្នាំមុនអតិថិជនចំនួន៦១ភាគរយ បានទិញខុនដូ សម្រាប់គោលបំណងលំនៅដ្ឋាន។ ៣៤ភាគរយបានទិញសម្រាប់ការវិនិយោគ និង៥ភាគរយទៀតទិញជាលំនៅដ្ឋានទី២ ។
ប៉ុន្តែនៅឆមាសទីមួយនៃឆ្នាំនេះ ចំនួនប្រជាជនដែលទិញខុនដូ ជាលំនៅដ្ឋានទី២ បានកើនឡើងដល់ ២៥ភាគរយ ខណៈអ្នកដែលទិញសម្រាប់វិនិយោគ បានធ្លាក់ចុះ១៦ ភាគរយ និង ៥៩ភាគរយបានទិញសម្រាប់គោលបំណងស្នាក់នៅ។
លោក Aliwassa មានប្រសាសន៍ថា “នេះគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មិនសមស្របសម្រាប់ការលក់បន្តទេ ដូច្នេះមានមនុស្សតិចណាស់ ដែលជ្រើសរើសការវិនិយោគខុនដូ ខណៈអ្នកដែលមានផ្ទះរួចហើយ កំពុងស្វែងរកខុនដូដែលមានទីតាំងនៅតំបន់ទីក្រុង សម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរ” ។
ជាមួយគ្នានេះដែរ នាយកគ្រប់គ្រងក្រុមហ៊ុន Major Development Pcl លោក Suriya Poolvoralaks បាននិយាយថា គម្រោងខុនដូប្រណីត Munich Sukhumvit ២៣ បច្ចុប្បន្ននេះ ត្រូវបានលក់អស់ ៧០ភាគរយហើយ ជាមួយនឹងអតិថិជនបរទេស១ភាគ៤ ដែលភាគច្រើនមកពីហុងកុង។
លោកបានមានប្រសាសន៍ថា “ស្ថានភាព Covid-19 បានរារាំងអតិថិជនបរទេស ដែលមានសក្តានុពលមិនឱ្យចូលមកកាន់ប្រទេសថៃ ដូច្នេះយើងបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ ដោយផ្តល់ការបញ្ចុះតម្លៃពី៣ម៉ឺន ទៅ៨ម៉ឺនបាតក្នុងមួយម៉ែតការ៉េ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក។
លោកបានបន្តថា “យើងរំពឹងថាការធ្វើបែបនេះ នឹងជួយជំរុញការលក់គម្រោងដល់ ៨០ទៅ៩០ភាគរយ” ៕