ដោយៈ រ៉ាណេត
ភ្នំពេញៈ ទីផ្សារដីធ្លីដែលកំពុងមានភាពពុះកញ្ជ្រោលខ្លាំង នៅពេលនេះត្រូវបានគេមើលឃើញថា កើតមាននៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ដែលស្ថិតនៅជាប់តំបន់ឆ្នេរ។ នៅក្នុងចំណុចនេះ អ្នកជំនាញបានក្រើនរំលឹកថា ចង់វិនិយោគដីទទួលបានចំណេញខ្ពស់ គួរកុំព្យាយាមទិញនៅតំបន់ដែលផ្ទុះទីផ្សារអី ប៉ុន្តែគួរទិញដីនៅតំបន់មិនទាន់ពុះកញ្ជ្រោល មានតម្លៃទាប និងមានគម្រោងអភិវឌ្ឍន៍ជាក់លាក់។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងមកថា គ្រប់គម្រោងវិនិយោគទាំងអស់ គឺសុទ្ធតែធ្វើឡើងដើម្បីចង់បានចំណេញ ដូច្នេះមុនពេលសម្រេចចិត្តបណ្តាក់ទុន ចាំបាច់ត្រូវតែសិក្សាពីកត្តា នៃតម្រូវការទីផ្សារពិតប្រាកដ ភាគរយដែលអាចទទួលបានចំណេញខ្ពស់ ជាពិសេសមិនត្រូវធ្វើការវិនិយោគតាមគ្នា នៅតំបន់ដែលតម្លៃដីលើទីផ្សារហក់ឡើងខ្ពស់រួចទៅហើយនោះទេ។
លោកបានបញ្ជាក់ថា “ដីដែលអាចផ្តល់ឱកាសចំណេញខ្ពស់ ភាគច្រើនជាប្រភេទដីដែលមិនស្ថិតនៅក្នុងក្រុង ឬតំបន់ទីប្រជុំជន ហើយតម្លៃនៅទាប។ ប៉ុន្តែសម្រាប់ការវិនិយោគនៅតំបន់ ដែលមានតម្រូវការទីផ្សារ និងមានការអភិវឌ្ឍន៍រួចទៅហើយនោះ ឱកាសនៃការចំណេញពីការវិនិយោគគឺមានអត្រាទាប ដោយសារតែតម្លៃដីបានឡើងថ្លៃរួចទៅហើយ” ។ លោកបន្ថែមថា “ភាគច្រើននៅតំបន់ដែលមានទីផ្សាររួចរាល់ អ្នកវិនិយោគសុទ្ធតែមានគម្រោងរបស់គេច្បាស់លាស់ ដូចជាការទិញដីសម្រាប់អភិវឌ្ឍន៍គម្រោងអ្វីមួយយ៉ាងប្រាកដរបស់ពួកគេ ដែលមិនមែនទិញទុកសម្រាប់ លក់បន្តយកចំណេញនោះទេ” ។
លោកបានបន្តថា “ខ្ញុំលើកឧទាហរណ៍ ចលនានៃការទិញដីនៅក្នុងខេត្តកែប និងកំពត ដែលកំពុងផុលផុសនៅពេលបច្ចុប្បន្ននេះ ភាគច្រើនអ្នកវិនិយោគគេទិញសម្រាប់គម្រោងអភិវឌ្ឍន៍ដូចជាផ្ទះលំហែរកាយ ឬសម្រាប់បង្កើតជាតំបន់ទេសចរណ៍ជាដើម ដូច្នេះវាជាការវិនិយោគ និងអភិវឌ្ឍន៍ជាក់លាក់ ដែលមិនមែនជាការទិញដីទុករង់ចាំពេលតម្លៃឡើងថ្លៃ ហើយលក់បន្តយកចំណេញនោះទេ” ។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា ការទិញដីសម្រាប់វិនិយោគបន្តមិនថា នៅតំបន់ណានោះទេ ឱកាសចំណេញសុទ្ធតែ ទាស់ត្រង់ថាចំណេញតិចឬច្រើនតែប៉ុណ្ណោះ ។
លោកបានបន្តថា “ការទិញដីទុកលក់នៅតំបន់ជាយក្រុង មានឱកាសចំណេញតិច ប៉ុន្តែងាយស្រួលលក់ ដោយឡែកការទិញដីនៅតាមខេត្តឆ្ងាយៗ ហាក់ពិបាករកទីផ្សារ ប៉ុន្តែប្រសិនមានគម្រោងអភិវឌ្ឍន៍ ណាមួយត្រូវបង្កើតឡើងនៅជិត នោះនឹងអាចទទួលបានប្រាក់ចំណេញស្ទើរទ្វេដង” ។ លោកបន្តថា “អ្វីដែលត្រូវប្រយ័ត្ន គឺការពិនិត្យទៅលើឯកសារពាក់ព័ន្ធនានា និងប្រាកដថាជាដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ ហើយមិនជាប់ពាក់ព័ន្ធទៅនឹងដីស្ថិតក្នុងតំបន់រក្សាទុករបស់រាជរដ្ឋាភិបាល” ។

លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “កាលពីពេលកន្លងទៅយើងធ្លាប់បានឃើញហើយ នូវករណីចាញ់បោកឈ្មួញលក់ដីខ្យល់ ដែលប្រឈមនឹងការខាតបង់ទាំងទ្រព្យសម្បត្តិ និងពេលវេលា ដូច្នេះគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយប្រសិនបើយើងមិនមានជំនាញច្បាស់លាស់ ប៉ុន្តែចង់ប្រឡូកនៅក្នុងវិស័យនេះ គួរតែរកអ្នកជំនាញ ឬក្រុមហ៊ុនស្របច្បាប់ណាមួយ សម្រាប់ប្រឹក្សាយោបល់ជៀសវាងជួបហានិភ័យ” ៕