ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ជាអ្នកវិនិយោគក្នុងស្រុកមួយរូប ដែលទទួលបានការទុកចិត្ត និងជោគជ័យលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងភ្នំពេញ និងក្រុងប៉ោយប៉ែត លោកជំទាវលឹម ឈីវហូអគ្គនាយកក្រុមហ៊ុនអ៊ែតវូដគ្រុប បានផ្តល់បទសម្ភាសន៍ពិសេសដល់ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ ដើម្បីលើកឡើងពីយុទ្ឋសាស្រ្ត និងភាពជោគជ័យរបស់ស្រ្តីដ៏មានឥទ្ឋិពលរូបនេះ។
អ្វីជាចំណុចពិសេស ទើបតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានជោគជ័យជាងគេ?
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រដ្ឋាភិបាលបានផ្តល់សេវាកម្មច្រកចេញចូលតែមួយ(One Stop service ) ដែលផ្តល់សេវាកម្មដ៏ល្អ មិនមានអំពើពុករលួយ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងបរិស្ថានស្អាត។
មានតែតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានអ្នកវិនិយោគជប៉ុនចូលមកវិនិយោគច្រើនជាងគេ តើលោកស្រីមានផ្តល់អ្វីប្លែកពីគេដែលអាចឲ្យអ្នកវិនិយោគជប៉ុនជឿទុកចិត្តបាន?
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនកំពុងវិនិយោគចំនួន៨៥ ក្នុងនោះជាងពាក់កណ្តាលជាក្រុមហ៊ុនជប៉ុន។ អ្នកដឹកនាំជនជាតិជប៉ុន ពេលពួកគេទៅដឹកនាំក្រុមហ៊ុននៅប្រទេសណាមួយ បើសិនជាទទួលបរាជ័យ នៅពេលត្រលប់ទៅប្រទេសពួកគេវិញ ពួកគេនឹងសម្លាប់ខ្លួន ឬអាចត្រូវទទួលទោស។
ប្រទេសជប៉ុន មុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាម្តងហើយម្តងទៀត ហើយពេលជួបប្រជុំជាមួយអ្នកវិនិយោគជប៉ុន ខ្ញុំបានសួរថា ប្រទេសរបស់អ្នកបានជួយរដ្ឋាភិបាលកម្ពុជាច្រើន ដូចជា កសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ហេតុអីមិនព្រមមកវិនិយោគនៅប្រទេសខ្មែរ។ ពួកគាត់ឆ្លើយមកវិញថា ប្រទេសខ្មែរមានអំពើពុករលួយ មិនមានបទពិសោធន៍ក្នុងការងារច្បាស់លាស់ ហើយខ្ញុំបានធានាទៅពួកគាត់ថា រដ្ឋាភិបាលខ្មែរមិនមានអំពើពុករលូយទេ សេវាកម្មក៏ល្អ ហើយកូនខ្មែរក៏ឆ្លាត។
អ្វីដែលខ្ញុំប្រាប់ទៅពួកគាត់ ហើយពេលបង្កើតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ពួកគាត់មកវិនិយោគ គឺមិនមានអំពើពុករលួយទេ ទើបធ្វើឲ្យពួកគាត់មានជំនឿជឿជាក់។
លោកជំទាវមានប្រសាសន៍ថា រដ្ឋាភិបាលមិនមានអំពើពុករលូយទេ តែក្នុងការសិក្សាបានរកឃើញមាន តើលោកជំទាវពន្យល់យ៉ាងដូចម្តេច?
យើងមិនដឹងដែរ ប្រទេសណាក៏មានដែរ ប៉ុន្តែអ្វីដែលយើងវិនិយោគ គឺវិនិយោគឲ្យត្រឹមត្រូវបំផុតនៅតាមប្រទេសមួយៗ។ បើយើងវិនិយោគត្រូវ មិនមានអំពើពុករលួយទេ។ អំពើពុករលួយនេះ អាចកើតចេញពីក្នុងក្រុមហ៊ុនខ្លួនឯងអាចមាននាយក អ្នកគ្រប់គ្រងទូទៅធ្វើរឿងពុករលួយ ក៏ណែនាំរឿងពុករលូយនោះឯង តែក្នុងក្រុមហ៊ុនអ៊ែតវូដ និងក្រុមហ៊ុន LCH មិនមានអំពើពុករលួយនោះទេ។
មានន័យថារដ្ឋាភិបាលផ្តល់អ្វីមួយ ឬមានករណីលើកលែងពិសេសអ្វីមួយ ជូនលោកជំទាវឬយ៉ាងណា?
រដ្ឋាភិបាលតែងតែគាំទ្រ និងជួយផ្តល់ការលើកលែងពិសេស តាមរយៈច្រកចេញចូលតែមួយ ផ្តល់សេវាកម្មទាន់ពេលវេលា។
លោកជំទាវមានតំបន់សេដ្ឋកិច្ចពិសេសមួយទៀត នៅក្រុងប៉ោយប៉ែត តើរហូតមកទល់ពេលនេះបានចាប់ផ្តើមដំនើរការឬនៅ?
យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នោះ ដើម្បីរៀបចំតំបន់សេដ្ឋកិច្ចពិសេសនេះជាស្តង់ដាអន្តរជាតិ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងដំនើរការចុងឆ្នាំនេះលើទំហំដី៦៤ហិកតា ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងប៉ោយប៉ែត ទាំងផ្លូវ ទាំងការបោះចោលកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតពិតជាពិបាកណាស់ ដែលអភិបាលខេត្តនៅទីនោះគួរគិតគូរៀបចំ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្រើន។
ហេតុអីយើងទៅវិនិយោគនៅជាប់ព្រំដែនរបស់ថៃ ព្រោះទី១ យើងអាចប្រើប្រាស់កំពង់ផែលំដាប់អន្តរជាតិនៅប្រទេសថៃ ដែលមានតំលៃដឹកជញ្ជូនថោក ទី២ រោងចក្រនៅប្រទេសថៃមានទំហំធំៗ ដែលរោងចក្រទាំងនោះអាចបំបែកជាតូចៗ មកកាន់ព្រំដែន ងាយស្រួលដឹកជញ្ជូន។
តំបន់សេដ្ឋកិច្ចពិសេសមានទំហំដីធំ និងមានកម្មករធ្វើការរាប់ម៉ឺននាក់ តើវា ជួយវិស័យអចលនទ្រព្យនៅជុំវិញតំបន់នោះយ៉ាងដូចម្តេច?
តំបន់សេដ្ឋកិច្ចពិសេសជួយច្រើនណាស់ ទី១ ដីតំបន់នេះមិនអាចដាំដំណាំអ្វីបាននោះទេ ដីមិនមានជីជាតិនោះទេ ទី២ ប្រជាជនអាចនៅជុំវិញតំបន់នេះអាចរកស៊ីអ្វីបានទាំងអស់អាចលក់ដូរ អាចធ្វើផ្ទះជួល លក់ទំនិញ ផ្តល់សេវាកម្ម។ ប្រជាជនរស់នៅជុំវិញតំបន់នេះ មានជីវភាពធូរធារ មានរថយន្តជិះ ព្រោះកូនៗរបស់ពួកគេចូលធ្វើការនៅក្នុងតំបន់នេះ៕