ដោយ ៖ រ៉ាណេត
កំពត ៖ អនុលោមតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពតកំពុងពិនិត្យទៅលើវឌ្ឍនភាពពាក់ព័ន្ធទៅនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោសរុបជិត ៣០០០ក្បាលដី។
ផ្អែកតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តកំពតបានបង្ហាញថា ប្រជាពលរដ្ឋបានដាក់ពាក្យកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទទួលបានពាក្យស្នើសុំ នៅតាមទីតាំងចំនួន៣កន្លែង បានចំនួន២,៨៦០ក្បាលដី។
លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងខេត្តកំពតកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះថា ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ មុននឹងផ្ដល់ជូនពួកគាត់ត្រូវមានការវាយតម្លៃ ពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផល ជាក់ស្តែងមានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់។
ទាក់ទិនទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនទៀត នៅសេសសល់មិនទាន់បានដាក់ពាក្យនៅឡើយ។
លោកបញ្ជាក់ថា “ក្រសួងបរិស្ថានទទួលបន្ទុកពិនិត្យ និងឆ្វៀលដី ក្នុងក្របខ័ណ្ឌឧទ្យានជាតិព្រះមុនីវង្យបូកគោ នៅពេលដែលក្រុមការងារបានចុះសិក្សាកំណត់អត្តសញ្ញាណដីរួចរាល់ ដោយមានការយល់ព្រមពីលោកអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិ និងរៀបចំរបាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីលើកយោបល់ជូនទៅសម្ដេចតេជោ ហ៊ុន សែន”។
លោក សូត យា ក៏បានស្នើសុំក្រុមការងារខេត្តរៀបចំក្រុមការងារតូចៗ ចុះពិនិត្យសិក្សាលើភូមិសាស្រ្ត ចំនួន៣ក្រុង និងស្រុក ហើយនឹងដាក់បញ្ចូលក្រុមការងារក្រសួង ចុះធ្វើការងារជាមួយនឹងក្រុមការងារនេះ ឱ្យបានឆាប់រហ័ស ដើម្បីស្រង់ទិន្នន័យទំហំក្បាលដី នៅទីតាំងជាក់ស្ដែង និងស្នើសុំលោកអភិបាលខេត្ត និងក្រុមការងារត្រៀមលក្ខណៈសម្របសម្រួល ជាមួយប្រជាពលរដ្ឋប្រសិន បើមានបញ្ហាប្រឈមកើតឡើង ក្នុងបេសកកម្ម ក្រុមការងារ នឹងស្នើសុំលោកអភិបាលខេត្ត បន្ថែមពេលវេលាទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋថែមទៀត៕