ដោយវុត្ថា
ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅក្នុងក្រុងសៀមរាបនឹងកាន់តែរីកចំរើនខ្លាំងបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងក្រុងចំនួន ៣៨ខ្សែ ឱ្យមានសោភ័ណភាព និងម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ ។
លោកបន្តថា “ដោយឡែកចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចំរើនផងដែរជាពិសេសអចលនទ្រព្យប្រភេទសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូងផងដែរ”។
លោកបន្តថា “បន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធល្អច្រើន ហើយមានបន្ថែមផ្លូវថ្មី វានឹងជួយលើកស្ទួយតម្លៃដីធ្លីមានការកើនឡើង និងមានគម្រោងថ្មីៗផ្សេងក៏នឹងកើនឡើងផងដែរ ខណៈបច្ចុប្បន្ននេះ តម្លៃដីនៅតាមតំបន់មួយចំនួននៅក្នុងក្រុងសៀមរាបមានតម្លៃ ចាប់ពី ១៨០០ ទៅជាង ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
លោកបន្ថែមថា “ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍វប្បធម៌ដ៏សំខាន់បស់កម្ពុជា ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធល្អហើយនោះ វិស័យអចលនទ្រព្យបែបសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម កាន់តែមានការរីកចំរើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ”។
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានឱ្យដឹងដែរថា ជាធម្មតា នៅពេលមានការអភិវឌ្ឍន៍គឺមានការរីកចំរើនលើវិស័យអចលនទ្រព្យ ជាមួយគ្នានេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងក្រុងទាំងមូលកាន់តែមានការរីកចំរើនបន្ថែមទៀត។
លោកបន្តថា បន្ទាប់ពីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់នឹងធ្វើឱ្យតម្លៃដីធ្លីនឹងកើនឡើង តែយ៉ាងណា គ្រាន់តែមានការផ្សាយផ្សាយពីផែនការអភិវឌ្ឍន៍នៅក្នុងក្រុងបច្ចុប្បន្ននេះ វាធ្វើឱ្យតម្លៃដីធ្លី ឬវិស័យអចលនទ្រព្យផ្សេងទៀតមានការកើនឡើងរួចទៅហើយ។
លោកបញ្ជាក់ថា “តម្លៃវិស័យអចលនទ្រព្យនឹងបន្តកើនឡើងកាន់តែខ្លាំងបន្ថែមទៀតនាពេលខាងមុខ ព្រោះថា រដ្ឋាភិបាលមិនមែនអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ ព្រមទាំងដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបផងដែរដើម្បីបង្កើនចំណូលដល់ពលរដ្ឋ នៅមូលដ្ឋាន និងជាតិ”។
រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ ក្រោមកញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក នៅក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចន្លោះពី ១០០ ទៅ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ និងកែលម្អផ្លូវចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។
សម្តេចតេជោបានមានប្រសាសន៍ថា “ការសម្រេចសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីរួមខេត្តសៀមរាបនេះ មិនត្រឹមតែជាការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩នេះផងដែរ”៕