ដោយគង់ ម៉ាលីន
ភ្នំពេញ៖ ដំណាច់ត្រីមាសទី១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ៧៦១លានដុល្លារអាមេរិក ស្មើជិត៤០ភាគរយ នៃផែនការកំណត់ដោយច្បាប់ កើនឡោះង៦៧លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុល បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០១៨ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងមកថា លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារទទួលបានគួរជាទីមោទនៈ ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១៨នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង១៧០០លានរៀល ត្រូវប្រមាណជាង៤៤៦លានដុល្លារអាមេរិក និងបានបំពេញបែបបទបង់ចូលថវិកាជាតិបានចំនួន៨៩៧ពាន់លានរៀល ត្រូវប្រមាណជាង២២៤លាន ដុល្លារអាមេរិកស្មើជាង ១១ភាគរយ នៃផែនការច្បាប់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។






