កម្ពុជាចាប់ដៃបង់ក្លាដេសឆ្ពោះទៅរកវិបុលភាពនាពេលអនាគត

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងបង់ក្លាដេសកំពុងប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកំនើន​ទំហំពាណិជ្ជកម្ម និងវិនិយោគ ដើម្បីធ្វើឲ្យប្រទេសទាំងពីរសម្រេចបានវិបុលភាពរួមគ្នា​សម្រាប់អនាគត។

ជាក់ស្តែងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានរៀបចំសិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាកល ដោយមានការចូលរួមពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកតូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស រួមជាមួយលោក ម៉ាប៊ូប៊ួរ រ៉ាម៉ាន់ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិបង់ក្លាដេស និងមានការចូលរួមពីតំណាងវិស័យឯកជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ប្រមាណជាង ២០០នាក់។

លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍បានគូសបញ្ជាក់ពីតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្តារវិបត្តិសេដ្ឋកិច្ចពិភពលោក តាមរយៈការបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ និងការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មសាកល។ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានរួបរួមគ្នា ដើម្បីដោះស្រាយចំពោះបញ្ហាកង្វះហិរញ្ញប្បទាន ដែលសហគ្រិនភាគច្រើន បានជួបប្រទះ និងបានលើកទឹកចិត្តសហគ្រិនទាំងអស់ ធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធនៃគំរូអាជីវកម្មតាមបែបឆ្នៃប្រឌិត ដើម្បីឈានទៅរកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគឆ្លងកាត់ព្រំដែន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដេស លោកតូហ្វែល អាមេត បានលើកឡើងអំពីការវិវឌ្ឍនៃពាណិជ្ជកម្មសាកល ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ តាមរយៈការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយបើកចំហរសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមប្រទេសភាគច្រើន ដែលនាំទៅរកការបំលាស់ទីនៃក្រុមហ៊ុនតូចធំ និងបង្កើតបានជាបណ្តាញផលិតកម្មសាកល។

លោកបន្តថា “ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងធម្យម ដើម្បីពង្រឹងសង្វាក់តម្លៃសាកល និងបង្កើនលំហូរពាណិជ្ជកម្មអន្តរជាតិ”។

លោកម៉ាប៊ូប៊ួរ រ៉ាម៉ាន់ប្រធានសភាពាណិជ្ជកម្មអន្តរជាតិបង់ក្លាដេស បានលើកឡើងអំពីការវិវឌ្ឍនៃបច្ចេកវិទ្យា ដែលបានបម្រើដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃសាកល និងការសម្រួលហិរញ្ញប្បទានពាណិជ្ជកម្ម។  លោកបន្តថា ការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិ ក្នុងការអភិវឌ្ឍគម្រោងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅតាមបណ្តាប្រទេសអាស៊ី ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

ទេសាភិបាលរងធនាគារជាតិ លោកជំទាវ អ៊ុក ម៉ាលីបានលើកឡើងអំពីសារៈសំខាន់នៃខ្សែសង្វាក់តម្លៃសាកល សម្រាប់រក្សាលំនឹងពាណិជ្ជកម្មអន្តរជាតិ ផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបម្រើការអភិវឌ្ឍ វិនិយោគ និងឱកាសការងារជុំវិញពិភពលោក។ លោកជំទាវ អ៊ុក ម៉ាលី ក៏បានគូសបញ្ជក់ពីតួនាទីរបស់ធនាគារជាតិ ក្នុងការចូលរួមអភិវឌ្ឍខ្សែសង្វាក់តម្លៃ តាមរយៈការផ្តល់លិខិតឥណទាន ដែលជាសេវាហិរញ្ញប្បទានពាណិជ្ជកម្មដ៏ពេញនិយមនៅកម្ពុជា អាចជួយកាត់បន្ថយហានីភ័យផ្សេងៗ របស់សហគ្រាសធុនតូច និងធម្យម។

សិក្ខាសាលាស្តីពីពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍសង្វាក់តម្លៃសាក​ល គឺជាកិច្ចសហការរៀបចំរវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃប្រទេសបង់ក្លាដែស។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីលើកម្ពស់ការយល់ដឹងរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងធម្យម ទៅលើទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃសាកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here