អ្នកជំនាញថាការពុះដីឡូត៍នៅតំបន់ជាយក្រុងផ្តល់ភាពល្អប្រសើរនាពេលបច្ចុប្បន្ន

0

ដោយ គង់ សូរិយា

ភ្នំពេញៈ នៅពេលបច្ចុប្បន្ននេះចំពោះការពុះដីឡូត៍នៅតាមតំបន់ជាយក្រុងរាជធានីភ្នំពេញគេសង្កេតឃើញថាកំពុងតែមានសកម្មភាពយ៉ាងពុះកញ្ជ្រោលនិងខ្លាំងក្លាបំផុតជាពិសេសនៅទិសខាងត្បូងឈាងខាងលិចតែម្ដងដូចជានៅតាមផ្លូវជាតិលេខ៣ផ្លូវជាតិលេខ៤ជាដើម។

នាយកទីផ្សារនិងផ្សព្វផ្សាយក្រុមហ៊ុន Gold Land Realestate លោកវិន ឈុនហ៊ាត ដែលកំពុងតែមមាញឹកក្នុងការលក់ដីឡូត៍នៅតំបន់អង្គស្នួល ផ្លូវជាតិ៤ បានប្រាប់ថា ពេលនេះមានអតិថិជនជាច្រើន បាន និងកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទីផ្សារដីឡូត៍មួយនេះ ព្រោះការទិញដីឡូត៍នេះ បានផ្តល់ភាពល្អប្រសើរជាច្រើនដល់ពួកគាត់ ដូចជាតម្លៃដីនៅទាប ដែលសមជាមួយលទ្ធភាពរបស់អ្នក ដែលមានចំណូលមធ្យមនិងក្រោមមធ្យមជាពិសេសពួកគាត់អាចមានជម្រើសក្នុងការទិញដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុនឬបង់រំលោះជាមួយធនាគារក្នុងរយៈពេលវែងប្រកបដោយទំនុកចិត្តខ្ពស់ដែលវាអាស្រ័យទៅនឹងចំណូលប្រចាំខែរបស់ពួកគាត់។

លោកបន្តថា ដោយឡែកចំពោះអ្នកដែលទិញ ដើម្បីទុកលក់យកចំណេញនៅពេលអនាគត ក៏មានឱកាសច្រើនក្នុងការទទួលបានភាគលាភផងដែរ។ ជាក់ស្ដែង ចំពោះដីឡូត៍ដែលក្រុមហ៊ុនរបស់លោក កំពុងដំណើរការលក់យ៉ាងសកម្មសព្វថ្ងៃនេះ ត្រឹមតែរយៈមួយខែ យ៉ាងហោចណាស់លក់ចេញបានមិនតិចជាង៧០ឡូត៍នោះទេ ខណៈដែលដីឡូត៍ដែលស្ថិតនៅជាប់ផ្លូវធំ (ផ្លូវរដ្ឋ) មានតម្លៃ១៩៥០០ដុល្លារ ហើយដីឡូត៍ដែលស្ថិតខាងក្នុងវិញមានតម្លៃត្រឹម ៩៨០០ដុល្លារ ។

យ៉ាងណាក៏ដោយលោកក៏បានព្រមាននិងផ្តាំផ្ញើដល់អ្នកដែលមានបំណង់ចង់ទិញដីឡូត៍មួយចំនួនផងដែរថា មុនពេលសម្រេចចិត្តទិញដីឡូត៍ គម្បីមានការត្រិះរិះពិចារណាឱ្យបានច្បាស់ដោយត្រូវមើលទំហំដីទីតាំងក៏ដូចជាប្រវត្តិរបស់ដីដើម្បីចៀសវាងមានបញ្ហាព្រោះដីឡូត៍ខ្លះលក់ក្នុងតម្លៃថោកប៉ុន្តែចំពោះគម្រោងអភិវឌ្ឍន៍ក៏ដូចជាការរៀបចំឯកសារមិនត្រូវធ្វើឡើងត្រឹមត្រូវនោះឡើយ។

ជាមួយនឹងភាពកញ្ជ្រោលនៃទីផ្សារពុះដីឡូត៍នេះលោកឧកញ៉ាបណ្ឌិតគីមហ៊ាងប្រធានសហមាគមន៍អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ថាវាជាការល្អចំពោះទីផ្សារដីឡូត៍នាពេលបច្ចុប្បន្នប៉ុន្តែទីផ្សារដីឡូត៍វាក៏អាចបង្កជាបញ្ហាចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត់ក៏អាចថាបាន។

លោកបញ្ជាក់ថាទិញដីឡូត៍ ល្អចំពោះអ្នកដែលមានចំណូលតិច និងប្រាថ្នាចង់បានដីសាងសង់លំនៅដ្ឋាន។ ទោះជាពួកគាត់មានចំណូលតិច ប៉ុន្តែក៏អាចមានជម្រើសក្នុងការទិញ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាចទិញដើម្បីចង់លក់បន្តយកចំណេញ

លោកបណ្ឌិតបន្តថាតែវាក៏អាចបង្កជាបញ្ហានៅថ្ងៃខាងមុខដែរដែលផលប៉ះពាល់នេះវាអាចនឹងកើតមានឡើងនៅក្នុងរយៈពេលប្រមាណ១០ឆ្នាំខាងមុខជាពិសេសដីដែលស្ថិតនៅជាប់នឹងតំបន់ជាយក្រុងឬទីប្រជុំជនតែម្ដង។អាស្រ័យដូចនេះហើយទើបរដ្ឋាភិបាលចេញច្បាប់គ្រប់គ្រងការអភិវឌ្ឍដីនិងចេញជាសាចរណ៍ណែនាំកាលពីពេលកន្លងទៅថ្មីៗនេះ។

យ៉ាងណាក៏ដោយលោកឧកញ៉ាគីមហ៊ាងបានបង្ហាញក្ដីសង្ឃឹមថាតាមរយៈការបង្កើតច្បាប់ថ្មីនេះអាចនឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតមានដោយសារការពុះដីឡូត៍នេះដ្បិតសកម្មភាពនៃការពុះដីឡូត៍បាននិងកំពុងកើតមានរួចមកហើយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here