ក្រុមហ៊ុន​ចិន​បានបង្ហាញ​ជំរើស​ចំនួន៣ នៃ​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត

0

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន China Railway International Group Co., Ltd បានបញ្ចប់​ការសិក្សា​លើ​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត ដែល​នឹង​សាងសង់​នាពេលខាងមុខ ដើម្បី​ពង្រីក​សក្តានុពល​នៃ​ការដឹកជញ្ជូន ក៏ដូចជា​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា បន្ទាប់ពី​ក្រុមហ៊ុន​សិក្សា​រួចរាល់​កាលពីពេលថ្មីៗ ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​ពី​ទំហំ​ថវិកា​ដែល​ត្រូវ​សាងសង់ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នេះ​ផងដែរ។

លោក​ថ្លែងថា“គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត យើង​ទទួលបាន​ឯកសារ​សិក្សា​ពី​ក្រុមហ៊ុន​ឯកជន​រួចហើយ  ពាក់ព័ន្ធ​នឹង​បច្ចេកទេស​សាងសង់ ដែល​បាន​សិក្សា​ចប់​គ្រប់ ហើយ​យើង​ពិនិត្យឃើញថា មិនមាន​បញ្ហា​នោះទេ” ។  លោក​បន្ថែមថា “យើង​កំពុងតែ​រងចាំ​ឯកសារ​ពាក់ព័ន្ធ នឹង​ក្រុមហ៊ុន​សម្រេច​ថា​ដាក់ទុន​ពេលណា សាងសង់​ចំណេញ ឬ​ខាត ចំពោះ​ការ​សាង​សាង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នេះ” ។

របាយការណ៍​សិក្សា​រប​ស់​ក្រុមហ៊ុន​បានបង្ហាញ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​ភ្នំពេញ​បាវិត​នេះ នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផលប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន បំផុត​ត្រឹម ១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​ត្រូវការ​សិក្សា​ពិនិត្យ  ឱ្យបាន​គ្រប់​ជ្រុងជ្រោយ លើ​ជម្រើស​ផ្លូវ​ទាំងបី​នេះ មុននឹង​ធ្វើការ​សម្រេច​ថា តើ​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ផ្លូវ​មួយណា ជាពិសេស ក្រសួង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត។

លោក​សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​ឱ្យដឹង​ផងដែរ​ថា  ការជ្រើសរើស​យក​ជម្រើស​ណាមួយ​នោះ ត្រូវផ្ដោត​ជាសំខាន់​លើ​ក្របខណ្ឌ​នៃ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​សាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here