ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ៖ ផលទុនជាតិសរុបនៅប្រទេសកម្ពុជា (GDP) ក្នុងឆ្នាំ២០១៨ខាងមុខនេះនឹងបន្តកើនឡើងខ្លាំង ក្នុងទំហំទឹកប្រាក់ប្រមាណជា២៤,៥៥២លានដុល្លារអាមេរិកនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ នឹងកើនដល់១៤៣៥ដុល្លារនៅឆ្នាំ២០១៧នេះ។

-->
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលគេហទំព័រ propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី២៧ តុលានេះបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៣មក ទំហំសេដ្ឋកិច្ចជាតិត្រូវបានឃើញថា មានការកើនឡើងជាខ្លាំង។ ក្នុងឆ្នាំ២០១៣ផលទុនជាតិសរុប មានទំហំទឹកប្រាក់១៥,២៣៧លានដុល្លារអាមេរិក ហើយចំនួននេះបានកើនឡើងដល់ ប្រមាណជាង២២ពាន់១៧២លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ និងនៅឆ្នាំ២០១៨ខាងមុខផលទុនជាតិសរុប នឹងកើនដល់ទំហំទឹកប្រាក់ប្រមាណជាង២៤,៥៥២លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានរកឃើញថា ចំណូលសរុបមនុស្សម្នាក់ៗធៀបនឹងផលិតផលក្នុងស្រុក សរុបក៏មានការវិវត្តផងដែរ ដោយគិតត្រឹមឆ្នាំ២០១៣ ចំណូលមនុស្សម្នាក់ៗ ធៀបនឹងផលិតផលស្រុកគឺប្រមាណ១, ០៤២ ដុល្លារអាមេរិក ហើយវាបានកើនឡើងដល់១, ៤៣៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយឆ្នាំ ២០១៨ចំណូលមនុស្សម្នាក់ៗ ធៀបនឹងផលិតផលសរុបក្នុងស្រុកនឹងកើនដល់ ១, ៥៦។ លើសពីនេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាក៏បានកើនឡើងពី៣, ៦៤៣លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់៧,៥៣៩លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយវានឹងបន្តកើនឡើងដល់៧, ៨៥៣លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨៕