ដោយ ៖ វុត្ថា
កណ្តាល៖ អភិបាលខេត្តកណ្តាល បានប្តេជ្ញាសហការជាមួយអន្តរជាក្រសួងបន្តដោះស្រាយរាល់គម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្តេជ្ញាយ៉ាងដូច្នេះនាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
លោកថ្លែងថា រដ្ឋបាលខេត្តនឹងបន្តសហការជាមួយក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿន គម្រោងផ្លូវក្រវ៉ាត់ក្រុង និងគម្រោងនានារបស់ថ្នាក់ជាតិ ដើម្បីឲ្យគម្រោងអាចដំណើរការ និងបញ្ចប់ការងារតាមការគ្រោងទុក។
លោកន្ថែមទៀថា រដ្ឋបាលខេត្តនឹងបន្តសហការ និងដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី ខ្នាត4F ស្ថិតនៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកបញ្ជាក់ទៀតថា រដ្ឋបាលខេត្តនឹងបន្តសហការអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនី ៤០០ មេហ្គាវ៉ាត លើផ្ទៃដី ៤៣ ហិកតា ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម និងត្រៀមលក្ខណៈសហការអភិវឌ្ឍន៍រៀបចំរោងចក្រកែច្នៃសំរាមកាកសំណល់រឹង រាវ និងកំណត់ រកទីតាំងដីសម្រាប់ចាក់សំរាមនៅតាមបណ្តាស្រុកនៃខេត្តកណ្តាល។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋបាលភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានការបេជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបាននូវលទ្ធផលលើគ្រប់វិស័យ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះធ្វើសកម្មភាពតាមតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីគាំទ្រ និងជម្រុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន លើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់រដ្ឋបាលខេត្តត្រូវបន្តកិច្ចសហការខិតខំសហការខិតខំជម្រុញការដោះស្រាយបញ្ហាទាំងឡាយ ដែលទទួលបានពីប្រជាពលរដ្ឋ ឱ្យបានចេញជាលទ្ធផលជាក់ស្តែង ដោយផ្អែកតាមគោលការណ៍ និងវិធានការនានាដែលបានកំណត់៕