លោក​ទេសរដ្ឋមន្ត្រី សុន គន្ធរ អនុញ្ញាតឱ្យ​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាការ​លើកទឹកចិត្ត​ដល់​បណ្តា​ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​ភ្នាក់ងារ​អចលនទ្រព្យ​ស្របច្បាប់​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា បានអនុញ្ញាត​ឱ្យ​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ រួម​ជាមួយនឹង​ការចែក​រំ​ឡែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​អាជីវកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​ផងដែរ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា លោក ម៉ន សុខា ដែល​បាន​ដឹកនាំ​សមា​ជិ​សមាជិកា​នៃ​សមាគម​សរុប​ជាង១០នាក់ នា​ព្រឹក​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​សន្តិភាព បាន​សម្ដែង​នូវ​ក្ដីរំភើប និង​រីករាយ ដែល​ទទួលបាន​ការអនុញ្ញាតិ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី​ឱ្យ​ចូលជួប​សម្ដែង​ការគួរសម​ដោយផ្ទាល់។

លោក ម៉ន សុខា បាន​មានប្រសាសន៍ថា “ក្រោម​ម្លប់​សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​ទទួលបាន​សុខ​សុវត្ថិភាព មាន​សណ្តាប់ធ្នាប់ ជាពិសេស សេដ្ឋកិច្ច​មាន​កំណើន​ជាប់​ជាប្រចាំ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ ហើយ​បាន​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​បណ្តាក់ទុន​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់” ។

លោក​បាន​បន្តទៀតថា “ជាមួយនឹង​ភាព​រីកចម្រើន​នៃ​កំណើនសេដ្ឋកិច្ច សម្រាប់​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ក៏មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា ដែល​ក្នុងនោះ​ក្រៅពី​កំណើន​នៃ​តម្រូវការ​សំណង់​អគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន​នានា ការទិញ-លក់​ដី​ឡូ​តិ៍ ដែល​ផ្តល់ឱកាស​ដល់​បណ្តា​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ធនធាន​តិច​តូច ហើយ​ចង់បាន​ដី​ជា​កម្មសិទ្ធិ​សម្រាប់​សាងសង់​លំនៅដ្ឋាន និង​ប្រើប្រាស់​តាម​តម្រូវការ​ក៏បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ” ។

លោក​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ក៏បាន​មានប្រសាសន៍​ជម្រាប់ជូន​លោក​ទេសរដ្ឋមន្ត្រី​ផងដែរ​ថា “ថ្វី​ត្បិត​ការទិញ-លក់​ដី​ឡូ​តិ៍​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា​ជាពិសេស​នៅតាម​បណ្តា​ជាយក្រុង​ក្រោម​ការវិនិយោគ​ពី​សំណាក់​ក្រុម​ហ៊ុ​ក្នុងស្រុក (ភាគច្រើន) ក្នុងនោះ​ក៏មាន​បញ្ហា​អវិជ្ជមាន​ផងដែរ ដែល​បង្កឡើង​ដោយ​ក្រុម​ជន​ទុច្ចរិត និង​អ្នករកស៊ី​មិន​ស្របច្បាប់​មួយចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​ឆបោក​ប្រជាជន​ស្លូតត្រង់​ដែលជា​អតិថិជន ក៏ដូចជា​ឈ្មួញ​ទិញ-លក់​ដី​កម្រិត​តូច និង​មធ្យម​ផងដែរ។ ប៉ុន្តែ​ទោះជា​យ៉ាងណា សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ និង​ឈានទៅរក​ការលុបបំបាត់​នូវ​ចំណុច​អវិជ្ជមាន ដោយ​សុំ​កិច្ចសហការ និង​សុំឱ្យ​មានការ​គាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ” ។

លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី សុន គន្ធរ និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា បានបង្ហាញ​ពី​កិច្ច​គាំទ្រ​ទៅលើ​គោលជំហរ និង​គោលនយោបាយ​របស់​សមា​គម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ដែល​រាល់​សកម្មភាព​ទិញ-លក់ ដី​ឡូ​តិ៍​នេះ ក៏​ជាការ​រួច​ចំណែក​ដល់​សកម្មភាព​នៃ​ដំណើរការ​សេដ្ឋកិច្ច​រួម​នៅ​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ណែនាំ​ផងដែរ​ថា “ការទិញ-លក់​ដីឡូត៍  ក៏​ជា​ចំណែក​មួយ​ដែល​បង្ហាញ​ពី​ភាពល្អប្រសើរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាពិសេស​ក្នុង​ដំណាក់​ដែល​ពិភពលោក​កំពុងតែ​ទទួលរង​នូវ​វិបត្តិ ប៉ុន្តែ​ការទិញ​លក់​អចលនទ្រព្យ​នានា​នៅ​កម្ពុជា នៅតែ​បន្ត​មាន​សកម្មភាព ដែល​ផ្តើមចេញពី​តម្រូវការ​ក្នុងស្រុក” ។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា “ទោះជា​បែបនេះ​ក៏ដោយ ការ​ឆបោក​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​ដី​ឡូ​តិ៍​នេះ​ក៏​ឃើញ​កើតមាន ដូច្នេះ គួរតែ​ចូលរួម​ទាំងអស់គ្នា ទាំង​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍ ទាំង​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ដើម្បី​លុបបំបាត់​នូវ​ចំណុច​អវិជ្ជមាន និង​ការពារ​ដល់​ផលប្រយោជន៍​អតិថិជន ក៏ដូចជា​សង្គមជាតិ​ទាំងអស់គ្នា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here