ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ក្រសួងនឹងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដែលគ្រោងនឹងសម្រេចឱ្យបាន ៧ លានក្បាលដី នៅឆ្នាំ ២០២៣ ខាងមុខនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ភូមិបាលឆ្នាំ ២០០១ និងគម្រោងបង្កើតច្បាប់ភូមិបាលថ្មី និងការស្វែងយល់អំពីផែនការចុះបញ្ជីកាលពីចុងសប្តាហ៍កន្លងមកនេះ បញ្ជាក់ថា ផ្អែកលើលទ្ធផលសរុបពីពេលចាប់ផ្ដើមអនុវត្តមកដល់ខែសីហាឆ្នាំ ២០២០ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៨៦៦ ៣១៥ ប័ណ្ណថ្មើរហ្នឹង ៨៣,៨០ % នៃក្បាលដីប៉ាន់ស្មានពីដំបូងប្រមាណ ៧ លានក្បាលដី ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា “ដូច្នេះ ផ្អែកលើលទ្ធផលនេះអាចសន្និដ្ឋានថា នៅដំណាច់ឆ្នាំ ២០២៣ ក្រសួងអាចសម្រេចការចុះបញ្ជីដីបាន ៧ លានក្បាលដី តាមផែនការ”។
លោកឧបនាយករដ្ឋមន្ត្រីពន្យល់ថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី (វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ) ជូនប្រជាប្រជាពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដីបញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា បណ្ណកម្មសិទិ្ធដីធ្លី ក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដីមានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់ និង/ឬ អភិវឌ្ឍន៍ដីរបស់ខ្លួនបានច្បាស់លាស់ និងជឿជាក់ជាងមុន ។លើសពីនេះ ការចុះបញ្ជីដីក៏ជួយដល់រដ្ឋក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើអចលនវត្ថុបង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ៕