តម្លៃ​ដី​នៅ​តំបន់​ផ្លូវ៤១ កំពុង​កើនឡើង ក្រោយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ចាប់ផ្តើម​បង្ហាញ​រូបរាង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តម្លៃ​ដីធ្លី​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៤១ រាប់​គិត​ចាប់ពី​ចំណុច​គីឡូ​លេខ១០ រហូតដល់​លេខ៣០ កំពុងតែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ដំណឹង​នៃ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន នឹងត្រូវ​បង្ហាញ​វត្ត​មាននៅ​តំបន់​ទាំងនេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ DEY THMEY Real Estate លោក វិ​ន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា បច្ចុប្បន្ន​តម្លៃ​ដី​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ៤១ កំពុង​តែមាន​កំណើន ខណៈដែល​ពេល​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដូចជា គម្រោង​បង្កើត​សួន​ឧស្សាហកម្ម គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុម​ចិន គម្រោង​បង្កើត​រោងចក្រ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ផងដែរ។

លោក​បាន​បញ្ជាក់ថា “តម្លៃ​ដី​នៅ​ផ្លូវ៤១ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​ពីមុន​ដី​នៅជាប់​ផ្លូវជាតិ​ក្នុង​តំបន់​គីឡូ​លេខ៣០ មានតម្លៃ​ត្រឹម ២០ដុល្លារ បច្ចុប្បន្ន​បាន​កើនឡើង​រហូតដល់​ចន្លោះ​ពី ៣៥-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។ លោក​បន្តថា “បើ​ចុះ​ពី​ផ្លូវ​ជាតិប្រមាណ ២គីឡូម៉ែត្រ អាច​ស្ថិតនៅក្នុង​ចន្លោះ​ប្រមាណ ១៥ -២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។

តម្លៃ​ដី​ឡូ​តិ៍ បាន​កើនឡើង​ប្រមាណ​ជាង ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ (ដី​ជាប់​ផ្លូវជាតិ) ពិបាក​រក​ទីផ្សារ​ណាស់ ប៉ុន្តែ​គេ​អាច​បន្ថែម​ធនធាន​សម្រាប់​ទិញ លំនៅដ្ឋាន​តម្លៃ​មធ្យម​ក្រោម៦ម៉ឺន​ដុល្លារ” ។

លោក វិ​ន ឈុន​ហ៊ា​ត បាន​អះអាងថា តម្លៃ​ដី​ខាងលើនេះ មិនអាច​អនុគ្រោះ​ដល់​គម្រោង​អភិវឌ្ឍន៍​ពុះ​ដី​ឡូ​តិ៍ ដូច​តំបន់​ផ្សេងទៀត​នោះទេ ប៉ុន្តែ​ការទិញ​ក្នុង​ទ្រង់ទ្រាយ​ធំ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជា​សំណង់​លំនៅដ្ឋាន សំណង់​ឃ្លាំងផ្សេងៗនៅមាន​ឱកាស​ច្រើន។

ស្រដៀង​គ្នា​នឹង​ការលើកឡើង​ខាងលើនេះ នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ថា “តម្លៃ​ដី​ឡើងថ្លៃ​នៅពេល​ដែលមាន​តម្រូវការ​ប្រើប្រាស់​កើនឡើង។ ដោយឡែក​នៅ​តំបន់​ផ្លូវជាតិ៤១ មាន ប្រជាប្រិយភាព​ពេលនេះ ដូចគ្នា​ទៅនឹង​ដី​នៅ​តំបន់​ផ្លូវ៥១ កាលពី២ឆ្នាំមុន។

លោកស្រី​បាន​បន្តថា “ឥឡូវ​គេ​ឃើញ​មាន​គម្រោង​សាងសង់ និង​អភិវឌ្ឍន៍​រោងចក្រ សហគ្រាស​ជាច្រើន​បាន និង​កំពុង​បង្ហាញ​រូបរាង​ជាបណ្តើរៗ ដែល​សកម្មភាព​ទាំងអស់​នេះហើយ​ជួយ​បង្កើន​ភាព​ទាក់ទាញ និង​សក្ដានុពល​ក្នុង​តំបន់” ។ លោកស្រី​បន្ថែមថា “នៅ​តំបន់​ហ្នឹង​ភាគច្រើន​ជា​គម្រោង​រោងចក្រ និង​សិប្បកម្ម​កម្រិត​តូច និង​មធ្យម ហើយ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន នៅ​មិនទាន់មាន​លក្ខណៈ​ធំដុំ​នៅឡើយ​នោះទេ។ ប៉ុន្តែ​បន្តិចទៀត អាច​នឹងមាន​គម្រោង​សាងសង់ បន្ទាប់ពី​គម្រោង​បង្កើត​រោងចក្រ​នានា​បង្ហាញ​រូបរាង” ។

ពាក់ព័ន្ធ​ទៅនឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ផ្លូវជាតិ​លេខ៤១ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រសួង​បាន​ចរចា​ប្រាក់កម្ចី​រួចហើយ នៅឡើយ​តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា យកប្រាក់​ទាំងនេះ​មក​ស្ថាបនា​ប៉ុណ្ណោះ ។

លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា “ប្រាក់កម្ចី​បាន​ចរចា​រួចហើយ ខ្ញុំ​សង្ឃឹមថា​នៅក្នុង​ឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើប​អាច​បើក​ការដ្ឋាន​ស្ថាបនា​បាន​ដោយ​ចាក់​ជា​ប្រភេទ AC” ។

លោក​បន្តថា គម្រោង​ស្ថាបនា​ផ្លូវ​ឡើងវិញ រួមមាន ដូចជា​គម្រោង​ផ្លូវ៤១ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤ មក​លេខ៣ ។ គម្រោង​ផ្លូវ​លេខ៣១ពី​តំបន់​បាយ​គូស ចូលមក​ស្រុក​កំពង់ត្រាច។គម្រោង​ផ្លូវ​លេខ៣៣ពី​កំពត មក​ខេត្ត​កែប បាន​ចរចា​ចប់សព្វគ្រប់​អស់ហើយ ចាំតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា​លើ​ប្រាក់កម្ចី​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here