ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ៨ហិកតានៅបឹងតោមោក សម្រាប់រៀបចំសាងសង់ធ្វើជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភារៈរបស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយច្បាប់ជម្រាបជូនរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានីភ្នំពេញស្តីពីករណីសុំកាត់ផ្ទៃដីបឹងតាមោក (កប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំសាងសង់ធ្វើជាឃ្លាំងសម្រាប់ការប្រើប្រាស់របស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរភ្នំពេញ និងសាលាលដំបូងរាជធានីភ្នំពេញ ។
នៅក្នុងសេចក្តីជូនដំណឹងខាងលើបានសរសេរយោងតាមលិខិតលេខ ០៤៧/២០ លស. គ ចុះថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត លេខ ៤៩៨ខន /០២០សជណ ចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថាដូចមានចែងក្នុងកម្មវត្ថុនិងខាង លើទីស្តី ការគណៈរដ្ឋមន្ត្រីសូមជម្រាបឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ ព្រមផ្តល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ហិកតា ដែលមានទីតាំងនៅជាប់នឹងទីលានផ្ទេរ សំរាម( Transfer Station ) របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំ ធ្វើជាឃ្លាំងរក្សា ទុកនូវេកសារ និងសម្ភារៈរបស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ ។
រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខាងលើជាកម្មសិទ្ធិជូនក្រសួងយុត្តិធម៌ បន្ទាប់ពីបាន ចេញអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃដីបឹងតោមោក(កប់ស្រូវ)ដោយត្រូវកាត់ផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីផ្ទៃបឹងតាមោកដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (កប់ស្រូវ)ទំហំ ៣ ២៣៩.៧ហិកតា។
ផ្ទៃបឹងតាមោក (កប់ស្រូវ)ទំហំ ៣២៣៩.៧ ហិកតានេះ កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលបានកាត់ជាបន្តបន្ទាប់ផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នរដ្ឋមួយចំនួន សម្រាប់ធ្វើការសាងសង់អគារធ្វើការថ្មីដូចជាផ្សារបន្លែ សួនច្បាររបស់រាជធានីភ្នំពេញ អគាររបស់នគរបាលក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនជាដើម៕