ដោយវុត្ថា
ព្រះសីហនុ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា បានអះអាងថា ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានបោះទុនវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ខណៈវិស័យទាំងនេះ បាននឹងកំពុងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេស។
លោក Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា នៅក្នុងការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុនាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ បញ្ជាក់ថា ការបោះទុនច្រើនរបស់ក្រុមហ៊ុនច្រើនបែបនេះ គឺឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ។
លោកបន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ។
លោកMichael Tan ថ្លែងថា “ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់លោក គួច ចំរើន និងក្រុមការងារ ។ផ្ទាំងគំនូរនេះបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជាតិ និងប្រទេសទាំងពីរបង្កើតផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាងសឹង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា សិល្បៈអមត: “។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- សឹង្ហបុរី និងបើកដំណើរការក្លឹបហាត់ប្រាណ D’Seaview Clubhouse ដោយធ្វើការកោតសរសើរ និងអបអរសាទរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។
លោកបន្តថា “នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ”។
លោក គួច ចំរើនបន្តថា “ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមគាំទ្រដល់ការវិនិយោគមួយនេះ និងសូមអោយការក្រុមហ៊ុនបានប្រកបអាជីវកម្មរបស់ខ្លូនអោយដំណើរការដោយរលូន និងជោគជ័យ”៕