ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបញ្ចប់ការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដីសរុបចំនួន ១៣៨២ គ្រួសារ ដែលរស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ជាស្ថាពរបន្ទាប់ពីបានផ្ទៀងផ្ទាត់រួចរាល់សព្វគ្រប់ និងទទួលការសាទរពីសំណាក់ប្រជាពលរដ្ឋ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះបានជម្រាបជូនដល់រដ្ឋបាើខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះ បានរៀបចំ និងបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣ក្រុម រួមមានក្រុម ៩៩៨គ្រួសារ ក្រុម៣៥៣គ្រួសារ និងក្រុម ៣១គ្រួសារ ស្ថិតនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ។
នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋទាំង ១៣៨២គ្រួសារខាងលើនេះ គឺស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន។ ដូច្នេះ ក្រសួងបានសម្រេចបញ្ចប់ករណីខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយឡែកមានករណីតវ៉ាទាមទារដីធ្លីដោយអះអាងថាសមីខ្លួនជាក្រុមណាមួយនៃក្រុមទាំង៣ខាងលើនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់ទុកថាជាការបង្កើតវិវាទដីធ្លីថ្មី ដែលនឹងមិនត្រូវលើកយកមកដោះស្រាយ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។
ជាមួយនឹងគោលនយោបាយបែងចែកដីសម្បទានសង្គមកិច្ចដល់បណ្តាប្រជាពលរដ្ឋក្រីក្រខ្វះខាតដីខាងលើនេះ ប្រជាពលរដ្ឋទាំងចំនួន១៣៨២គ្រួសារស្ថិតក្នុងភូមិសាស្ត្រខាងលើនេះបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្ដីសណ្តោសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលត្រូវការដីពិតប្រាកដសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅសមរម្យ ៏ដូចជាសម្រាប់បង្កបង្កើនផលផងដែរ៕