តើស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានរួមចំណែកអ្វីខ្លះក្នុងការរុញច្រានសេដ្ឋកិច្ចឱ្យរួចផុតពីវិបត្តិ?

0

ដោយ៖ ប៊ី

ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ធូរបន្ថយ និងបញ្ចុះអត្រាការប្រាក់កម្ចីទាបដល់អ្នកប្រើប្រាស់កម្ចី ដើម្បីឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមាន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ថា ការពន្យាដើមទុនត្រឡប់ បន្ធូរបន្ថយទុនបម្រុង ហើយក្រសួងសេដ្ឋកិច្ច តាមរយៈអគ្គនាយកពន្ធដារ បានបន្ធូរបន្ថយលើពន្ធកាត់ទុកលើប្រាក់កម្ចីពីបរទេស ធ្វើឱ្យប្រភពទុនក្នុងស្រុកសម្បូរ ដែលអាចយកមកប្រើប្រាស់បាន ហើយកំណើនក្នុងវិស័យឥណទានក៏មិនសូវខ្ពស់ដែរ ដោយសារអាជីវកម្មច្រើនរងផលប៉ះពាល់ដោយសារ Covid-19។

លោកបណ្ឌិតបានបញ្ជាក់ថា “ដូច្នេះហើយបានជាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចុះអត្រាការប្រាក់កម្ចីទាបមែនទែន ខ្ញុំនិយាយជាទូទៅ ទាបក្រោម៧ភាគរយទៀត ធ្វើឱ្យមានការប្រកួតប្រជែងក្នុងតម្លៃ (price competition) ដូច្នេះហើយផលប្រយោជន៍នឹងបានទៅអ្នកប្រើប្រាស់កម្ចីពីការប្រកួតប្រជែងនេះ ដូចជាប្រភពទុនដែលមានអត្រាការប្រាក់ទាប ហើយអ្នកប្រើប្រាស់កម្ចីអាចប្រើប្រាស់បានរយៈពេលវែង”។

ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុ ក៏មានការយោគយល់សម្រាប់ការរួមរស់រីកចម្រើនជាមួយនឹងអតិថិជន។ ស្របពេលដែលរាជរដ្ឋាភិបាលបានបន្ធូរបន្ថយអនុបាតខ្លះ ដើម្បីឱ្យមានប្រភពទុនទូលំទូលាយ ហើយធនាគារធ្វើជាមួយអាតិថិជនយូរអង្វែង ហើយធនាគារផ្ទាល់ក៏បានបន្ធូរបន្ថយដែរ ដោយបន្ធូរបន្ថយទាំងអត្រាការប្រាក់កម្ចី និងរយៈពេលសងដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់ក្នុងការយកមូលនិធិនេះទៅប្រើប្រាស់ឱ្យបានយូរអង្វែងសម្រាប់គ្រប់វិស័យទាំងអស់។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា “ជាទូទៅនៅពេលចលនាសេដ្ឋកិច្ចខ្លាំង មូលនិធិរបស់គាត់យកទៅវិនិយោគអស់ហើយ ប៉ុន្តែពេលមានចលនាសេដ្ឋកិច្ចតិច គាត់យកមូលនិធិមកផ្ញើនៅធនាគារធ្វើឱ្យប្រភពទុននៅស្រុកមានច្រើន ដូចជាប្រាក់សន្សំដែលមានកាលកំណត់។ ថ្វីត្បិតតែមានប្រភពទុនក្នុងស្រុកក៏ដោយ ក៏យើងទៅតែយកពីបរទេស ដែលកម្ចីពីបរទេសមានរយៈពេលរហូតទៅ ៥ ទៅ៧ឆ្នាំ ដើម្បីយកមកឆ្លើយតបជាមួយនឹងតម្រូវឥណទានរបស់ SME ដែលគាត់ត្រូវការ ៥ ទៅ៧ឆ្នាំដែរ ដើម្បីជៀសវាងអតុល្យភាពនៃមូលនិធិ ដូច្នេះបានជាយើងយកមកពីក្រៅមកបន្ថែម”។

ក្នុងប្រភពទុនដែលប្រើប្រាស់ក្នុងវិស័យធនាគារ ១៥ភាគរយ បានមកពីដើមទុនរបស់ខ្លួនឯង ១៥ ភាគរយទៀតបានមកកម្ចីពីបរទេស ៧០ភាគរយគឺបានមកពីប្រាក់បញ្ញើសន្សំ។ នេះបើយោងតាមលោកបណ្ឌិត អ៊ិន ចាន់នី។

សេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីពិភពលោកមានរយៈពេលមិនខ្លីនោះទេ ហើយមិនមែនមួយឆ្នាំ ដែលបានគិតដូចកាលពីមុននោះទេ ខណៈដែលជំងឺ Covid-19 មានរយៈពេលជិតមួយឆ្នាំហើយចាប់តាំងពីខែចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាចំណែកមួយនៃសេដ្ឋកិច្ចសកល។ បើសិនសេដ្ឋកិច្ចសកលមានផលប៉ះពាល់យូរ យើងក៏ដូចគ្នាដែរ។ អាជ្ញាធរ ខ្ញុំសំដៅទៅធនាគារជាតិ និងក្រសួងពាក់ព័ន្ធ ដឹងពីស្ថានភាពដូចគ្នា ហើយកំណើនសេដ្ឋកិច្ចវិលមករកភាពធម្មតាបន្តិចម្តងៗ ដូច្នេះការណ៍ដែលយើងសម្រួលដល់អតិថិជនគឺមានរយៈពេលវែងដូចគ្នា ដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់។

លោកបានបន្តថា “ឧទាហរណ៍ ឥណទានយើងឱ្យគាត់មានរយៈពេលវែង៧ឆ្នាំ ហើយដល់ពេលស្ថានភាពស្រួលឡើងវិញ យើងមិនសុំឱ្យអតិថិជនសងក្នុងរយៈពេល៥ឆ្នាំនោះទេ។ យើងនៅតែរក្សាកិច្ចសន្យាជាមួយពួកគាត់ដដែល អត្រាប្រាក់ដូចគ្នាចឹងដែរ កាលយើងព្រមព្រៀងគ្នាក្នុងរយៈពេល ៧ឆ្នាំ គឺយើងអត់កែមកវិញនោះទេ។ យើងរួមរស់រីកចម្រើនចម្រើនជាមួយអតិថិរបស់យើង”។

អតិថិជនជាង២៦ម៉ឺននាក់បានស្នើរៀបចំឥណទានឡើងវិញជាមួយនឹងទំហំទឹកប្រាក់ប្រមាណ១២០០លានដុល្លារ ចាប់តាំងពីខែមីនារហូតមកដល់ខែសីហាកន្លងមកនេះ។ នៅក្នុងរយៈពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ការស្នើរៀបចំឥណទាននេះ មានអត្រាធ្លាក់ចុះនៅចន្លោះខែមិថុនាមកដល់ខែសីហា។

មន្ត្រីជាន់ខ្ពស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា នេះជាសញ្ញាល្អដែលឆ្លុះបញ្ចាំងឱ្យឃើញថា ផលប៉ះពាល់ដែលបណ្ដាលមកពី Covid-19 លើវិស័យមីក្រូហិរញ្ញវត្ថុបានថមថយ។

ប្រធានសមាគមីក្រូហិរញ្ញវត្ថុ លោក គា បូរាណ បានមានប្រសាសន៍កាលពីថ្មីៗនេះថា វិស័យនេះក្នុងរយះពេល២ខែចុងក្រោយគឺមានលក្ខណៈល្អប្រសើរជាងកន្លងទៅ ដែលរាប់ពីខែមេសា ឧសភា ជាខែដែលលំបាកជាងគេ បន្ទាប់មកខែមិថុនា កក្កដា និងខែសីហា អាចនិយាយបានថា វិស័យមួយនេះមានលក្ខណៈប្រសើរជាង តាំងពីឥណទាន (កម្ចី) មិនល្អក៏ថយចុះ ហើយចំនួនអតិថិជនដែលស្នើសុំឥណទានឡើងវិញក៏មានការធ្លាក់ចុះ រីឯចំនួនអតិថិជនដែលត្រូវការឥណទានថ្មីក៏មានការកើនឡើង។

លោកបានបន្តថា ចំពោះអាជីវករខ្នាតតូចក្នុងស្រុកមានភាពល្អប្រសើរជាងមុនដែរ។ តែយ៉ាងណាក្តី ផលប៉ះពាល់ពី Covid-19 នៅតែមានសម្រាប់វិស័យមួយចំនួនដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ទោះបីជាបញ្ហា Covid-19 មានភាពធូរស្បើយក្តី។

ទន្ទឹមនេះ លោកបានបញ្ជាក់បន្ថែមពីការជឿជាក់ថា “សម្រាប់ឆ្នាំ២០២០ទាំងមូល វិស័យហិរញ្ញវត្ថុក្នុងស្រុកនៅតែវិជ្ជមាន ថ្វីត្បិតតែជួបការលំបាកជួបប្រទះក៏ដោយ និយាយជារួមរយៈពេល២ ទៅ៣ខែក្រោយនេះបានងើបឡើង។ ហើយដោយសារប្រទេសកម្ពុជា រដ្ឋាភិបាលបានគ្រប់គ្រងបញ្ហា Covid-19 បានល្អប្រសើរ មិនមានការបិទប្រទេស ឬមួយក៏ត្រឡប់ដើរវិញ ហើយប្រជាជនយើងក៏នៅតែប្រកបរបរធ្វើដំណើរធម្មតា”។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ផងដែរថា មិនមានការប៉ាន់ប្រមាណត្រូវ ពីការអូសបណ្តាយនៃជំងឺCOVID-19។ ជាមួយគ្នានេះ លោកក៏បានលើកឡើងថា ការចាប់ផ្តើមការកែប្រែអត្រាការប្រាក់នៅកម្ពុជាមិនបានចាប់ផ្តើមកាលពីត្រីមាសទី១ ឬទី២នោះទេ យើងចាប់ផ្តើមធ្វើការកែប្រែអត្រាក្នុងត្រីមាសទី៣ ហើយក្នុងរយៈពេលនេះគឺជាកិច្ចការដ៏សំខាន់ ព្រោះឥទ្ធិពលនៃវិបត្តិ ដែលកើតឡើងភ្លាមៗ មិនបានបង្ហាញផលប៉ះពាលភ្លាមៗនោះទេ ព្រោះអ្នកប្រតិភោគមួយចំនួនដែលប្រើប្រាស់កម្ចី មានលទ្ធភាពសង ៣ ទៅ៧ខែ។

លោកបានបន្តទៀតថា អ្នកប្រើប្រាស់កម្ចីពីធនគារ ជួបវិបត្តិ ដូច្នេះខាងវិស័យគ្រឹស្ថានហិរញ្ញវត្ថុក៏ត្រូវប្រជុំគ្នាបន្ទាន់ ក៏ដូចជាការអំពាវនាវ និងសំណូមពររបស់រដ្ឋាភិបាលដែរ ដើម្បីធ្វើយ៉ាងណាសម្រួលអត្រាការប្រាក់ជួនដល់អ្នកដែលប្រើប្រាស់កម្ចី។ បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ប្រាក់ ដើម្បីសម្រួលស្ថានភាពសេដ្ឋកិច្ច ដូចផ្តល់កញ្ចប់ថវិកាទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារ SME ជាដើម និងកញ្ចប់ថវិកាផ្សេងៗ ដើម្បីឆ្លើបនឹងនឹងវិបត្តិដែលកំពុងកើតមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here