ដោយវុត្ថា
ភ្នំពេញ៖ ផ្សារទំនើប Prince Mall ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរសាកល្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីករចំរើនយ៉ាងឆាប់រហ័យនៃខេត្តព្រះសីហនុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
លោក Zhang Rui Jun នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៉ីស្ទេត មានប្រសាសន៍ កាលពីម្សិលមិញនេះ ឱ្យដឹងថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៉ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ ហើការបើកសម្ពោធសាកល្បងថ្ងៃនេះគឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។
លោកបន្តថា នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថារដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឲ្យខេត្តព្រះសីហនុ ទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលពន្ធជូនរដ្ឋ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានថ្លែងសម្តែងការគាំទ្រសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហរ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។
លោកបន្តថា ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគអន្តរជាតិយ៉ាងច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ភាពរីកចម្រើនលើវិស័យទាំងនេះបានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចខេត្ត ។
លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។
លោកបញ្ជាក់ទៀតថា នេះគឺជាសកម្មភាពបង្ហាញពីការជឿជាក់របស់អ្នកពីនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ៕