ដោយ ៖ រ៉ាណេត
កណ្តាល ៖ ជាថ្មីម្ដងទៀត អាជ្ញាធរខេត្តកណ្តាលបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានបំណងទិញដីឡូតិ៍ទុកសម្រាប់សាងសង់លំនៅដ្ឋាននៅតាមតំបន់មួយចំនួន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងទទួលរងនូវការខាតបង់ថវិកា ក្រោមការចាញ់បោកជនឆបោក។
អភិបាលរងខេត្តកណ្តាល លោក គីម រិទ្ធី នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសរបស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់សាធារណជនត្រូវយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។
លោកបានបញ្ជាក់ថា “ការទិញដីឡូតិ៍ ឬគម្រោងផ្ទះល្វែងដោយការបង់រំលោះ គឺជាវិធីសាស្ត្រមួយដែលត្រូវបានអ្នកអភិវឌ្ឍន៍យកមកប្រើយ៉ាងទូលាយ ហើយក៏ជាការផ្តល់ឱកាសដល់អ្នកដែលមានធនធានតិច ប៉ុន្តែចង់មានដី និងផ្ទះកម្មសិទ្ធិរសប់ខ្លួន។ ប៉ុន្តែអ្វីដែលជារឿងសំខាន់ គឺត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងសិក្សាអំពីប្រវត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាគម្រោងឱ្យបានច្បាស់ជៀសវាងនូវការចាញ់បោកជនខិតខូចមួយចំនួនដែលលក់គម្រោងខ្យល់ ឬលក់គម្រោងដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៅមិនទាន់ដោះស្រាយចប់”។
ជាការទប់ស្កាត់នូវបញ្ហាមួយចំនួនដែលតែងកើតមាននៅលើទីផ្សារទិញ-លក់ អចនទ្រព្យ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងការទិញដីឡូតិ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលអាចជួយពង្រឹងសុវត្ថិភាពនៃការទិញ-លក់អចលវត្ថុនានា ជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ ដូច្នេះ សម្រាប់សាធារណជនទាំងអស់ មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនពីគម្រោងឱ្យបានច្បាស់ មុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូតិ៍។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងសំខាន់ៗចំនួន៥។ គោលបំណងទី១ ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធ៌ម និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ៕