លោក ឃាង ពុទ្ធី ៖ និយាយពីមូលហេតុដែលខេត្តក្រុងមួយចំនួននៅតែមិនមានការរីកចំរើនលើវិស័យអចលនទ្រព្យ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានការរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់ខេត្តក្រុងមួយចំនួនត្រូវបានគេមើលឃើញថា ហាក់នៅមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងក្លាលើវិស័យមួយនេះនៅឡើយ ដែលបណ្តាលមកពីហេតុផលសំខាន់ៗមួយចំនួន ដូចបានបង្ហាញជូននៅខាងក្រោមនេះ។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រទំព័រ propertyarea.asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា មានហេតុផលជាច្រើនដែលធ្វើឱ្យបណ្តាខេត្តក្រុងទាំងនោះមិនសូវមានភាពរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យ បើទោះជាខេត្តក្រុងទាំងនោះមានស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ល្អប្រសើរក៏ដោយ។

លោកពន្យល់ថា ទី ១ ដង់ស៊ីតេប្រជាជននៅមានកម្រិត ពោលនៅក្នុងខេត្តក្រុងមួយចំនួនរបស់កម្ពុជាមានប្រជាជនរស់នៅតិច ដែលជាកត្តាធ្វើឱ្យអចលនទ្រព្យមិនមានការរីករចំរើន ។ ទី ២ លំហូរនៃការធ្វើពាណិជ្ជកម្មមិនសូវមានក៏ជាហេតុធ្វើឱ្យវិស័យអចលនទ្រព្យមិនមានការរីកចំរើនផងដែរ ហើយទី ៣ គឺកត្តាទេសចរណ៍។ ខេត្តក្រុងដែលមានការរីកចំរើនលើវិស័យទេសចរណ៍ (មានរមណីយដ្ឋានទេសចរណ៍ និង កន្លែងលេងកម្សាន្តច្រើន) បានចូលរួមធ្វើឱ្យមានការរីកចំរើនលើវិស័យអចលនទ្រព្យផងដែរ តាមរយៈការសាងសង់សំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធទៅនឹងទេសចរណ៍”។

លោកបន្ថែមថា “កត្តាទាំងអស់នេះហើយ ដែលមន្ត្រីថ្នាក់ក្រោមជាតិគួរគិតគូរលើការអភិវឌ្ឍន៍បន្ថែម ដូចជាហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសវិស័យទេសចរណ៍។ ជាក់ស្ដែង ដូចគ្នាទៅនឹងភូមិព្រះដាក់នៃស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលមានថ្នាក់ដឹកនាំឆ្លាតបានធ្វើឱ្យមានកំណើនទេសចរ និងធ្វើឱ្យមានតម្រូវការអចលនទ្រព្យ”។

លោកបញ្ជាក់ថា “ភាពកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង គឺជាឧបសគ្គរាំងស្ទះដល់ការរីកចំរើន ទាំងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ ។ កត្តានេះ ទាមទារ ឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានស្អាត និងសមរម្យ នៅក្នុងខេត្តក្រុងដែលមិនទាន់មានការីកចំរើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here