ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ គម្រោងសាងសង់ទីក្រុងរណបរបស់ក្រុមហ៊ុនចិនដ៏ធំមួយនៅតំបន់រាម ខេត្តព្រះសីហនុ នៅតែមានសកម្មភាព និងដំណើរទៅមុខជាបណ្តើរៗ ខណៈដែលពេលបច្ចុប្បន្ននេះកំពុងតែចាក់ដីបំពេញនៅទីតាំងគម្រោង។
លោក នងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ថា ស្ថិតនីក្នុងតំណាក់កាលដែលបណ្តាប្រទេសនានានៅលើសាកលកំពុងតែជួបវិបត្តិ សម្រាប់ប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលមានវិធានការដែលអាចទប់ស្កាត់បានលទ្ធផលដ៏ល្អ ជាមួយនឹងការបន្តនូវសកម្មភាពអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោកបានមានប្រសាសន៍ថា “សម្រាបតែខេត្តព្រះសីហនុ គម្រោងសាងសង់មួយចំនួនត្រូវបានផ្អាកដោយសារតែភាគច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មានប្រភពមកពីប្រទេសចិន ដែលកំពុងមានវិបត្តិ ប៉ុន្តែក៏មានគម្រោងខ្លះទៀតនៅតែបន្តសកម្មភាពសាងសង់ផងដែរ។ ដោយឡែកសម្រាប់តែគម្រោងអភិវឌ្ឍន៍ និងសាងសង់ទីក្រុងចិនដ៏ធំដែលមានឈ្មោះថា លីស៊ីន ស្ថិតនៅតំបន់រាម បច្ចុប្បន្ននេះកំពុងតែដំណើរការចាក់ដីបំពេញនៅលើទីតាំងគម្រោង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៤ខ្សែនៅទូទាំងក្រុងព្រះសីហនុត្រូវបានសាងសង់រួចរាល់”។
ក្រុមហ៊ុន លីស៊ីន គ្រុប និងរដ្ឋាភិបាលប្រទេសកម្ពុជាបានសហការគ្នាសាងសង់ទីក្រុងថ្មីនៃលីស៊ីនក្រុងព្រះសីហនុ ដែលមានទំហំ២៥០០ហិតា ដោយគម្រោងនេះត្រូវបានផ្អែកទៅលើការការពារបរិស្ថានវិទ្យាធម្មជាតិនៃមូលដ្ឋានជាគោល និងក្រោមការជំរុញគោលនយោបាយជាតិ ។
តាមរយៈគម្រោងស្តង់ដារកម្រិតកំពូលមួយនេះ នឹងជួយចូលរួមអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានាពេលអនាម័យបានយ៉ាងប្រសើរ។
ការអភិវឌ្ឍន៍តំបន់ក្រុងព្រះសីហនុ ក៏អាចជំរុញអោយវប្បធម៏នៅតំបន់នោះមានភាពរីកចំរើន ហើយអាចរកឃើញលក្ខណៈពិសេសនៃតំបន់នោះដោយពឹងផ្អែកលើធនធានដែលនៅជុំវិញ ដែលនឹងបង្កើតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកន្លែងលំហែរ និងកម្សាន្តកំរិតខ្ពស់ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រលំដាប់ខ្ពស់។ ដោយឡែកអេកូទេសចរណ៍នៅតាមតំបន់ឆ្នេរ ក៏ជាទិសដៅដែលអ្នកទេសចរទាំងឡាយនៅលើសកលលោកចង់មកកម្សាន្ត និងជាទីក្រុងសេដ្ឋកិច្ចថ្មីនៃកម្ពុជា៕