ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនដែលមានសំណាងបានឈ្នះពីការចាប់ឆ្នោតផ្សងសំណាងសរុបប្រមាណជិត១០០នាក់ ។
ប្រធានគ្រប់គ្រងផ្នែកទីផ្សារ កញ្ញា ពុធ ប៊ុនរស្មី បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ជាវត្ថុអនុស្សាវរីយ៍ ដែលធ្វើការចាប់ឆ្នោតកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ និងផ្តល់ជូនដោយផ្សារទំនើប FURI Times Square មានចំនួនសរុប៧០នាក់ ដោយក្នុងនោះក្រៅពីការទទួលបានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ក៏មានការទទួលបាននូវប័ណ្ណបញ្ចុះតម្លៃលើការទិញទំនិញនៅក្នុងផ្សារផងដែរ។
កញ្ញាបានបន្តថា “ការរៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់នេះ រួមមានដូចជាប័ណ្ណបញ្ចុះតម្លៃលើការទិញទំនិញ និងទទួលទានអាហារ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូរស័ព្ទទំនើប ទូរទស្សន៍ LED ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី ឆ្នាំងអ៊ុត ចង្ក្រានអាំងសាច់អគ្គិសនី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។ ការប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃចាប់ឆ្នោតទី១ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីដែលមិនមានអ្នកមកទទួលក្នុងអំឡុងពេលខាងលើនេះ នឹងត្រូវចាត់ទុកជាមោឃៈ”។
ជាមួយនឹងការប្រគល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់អតិថិជនខាងលើនេះ កញ្ញា ពុធ ប៊ុនរស្មី ក៏បានថ្លែងអំណរគុណចំពោះរាល់អតិថិជនទាំងជាតិ និងអន្តរជាតិ ក៏ដូចជាទេសចរផងដែរ ដែលតែងតែគាំទ្រ និងជឿទុកចិត្តទៅលើរាល់ផលិតផល សម្ភារៈប្រើប្រាស់ និងចំណីអាហារដែលមានដាក់លក់នូវក្នុងផ្សារទំនើប FURI Times Square តាំងពីដើមរហូតមក និងបន្តទៅថ្ងៃអនាគត។ បន្ថែមពីនេះ ក្នុងនាមតំណាងគណៈគ្រប់គ្រងផ្សារទំនើប FURI Times Square ក៏សូមថ្លែងអំណរគុនយ៉ាងជ្រាលជ្រោះចំពោះកិច្ចសហការភាពជាដៃគូពីបណ្តាក្រុមហ៊ុន ហាងលក់ទំនិញ និងផលិតផលប្រើប្រាស់នានានៅក្នុងផ្សារទាំងអស់ផងដែរ។
ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazon Café ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងសរុបជិត៣០ក្រុមហ៊ុន៕