ដោយ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានថ្លែងថាតម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតកំពុងមានសក្តានុពលហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។
នាយកក្រុមហ៊ុន Century21 Fortuna Investment លោកវ៉ាវីរៈបានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថាអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតបើប្រៀបធៀបជាមួយតំបន់ដទៃទៀតដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្សផ្លូវកម្ពុជាក្រោមផ្លូវហ្សាឌឺហ្គោលឬមហាវិថីសហព័ន្ធរុស្ស៊ីគឺនៅមានកម្រិតទាបនៅឡើយ។
លោកបន្តថា “យើងមើលឃើញជាក់ស្ដែងស្រាប់ ចំពោះសំណង់អាគារដែលស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មិនសូវជាមានភាពទាក់ទាញខ្លាំង ដូចតាមបណ្តាផ្លូវដូចដែលបានរៀបរាប់ខាងលើនោះទេ”។
ផ្លូវនេះ ត្រូវបានគេបែងចែកជា២តំបន់ គឺតំបន់ទី១ ចាប់ពីផ្សារដើមគរឆ្ពោះមកអាងទឹកអូឡាំពិក និងតំបន់ទី២ ចាប់ពីផ្សារដើមគរ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ។
លោកវ៉ាវីរៈបានបន្តទៀតថាចំពោះតំបន់ទី១មានភាពទាក់ទាញជាងព្រោះនៅសងខាងផ្លូវភាគច្រើនត្រូវបានគេបើកលក់ជាអាជីវកម្មចំរុះបាននិងមានមនុស្សចរាចរណ៍ឆ្លងកាត់ច្រើនដែលដីនៅតំបន់នេះមានតម្លៃចន្លោះពី៣៥០០ទៅ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ដោយឡែកចំពោះតំបន់ទី២ហាក់មិនសូវសម្បូរផ្ទះអាជីវកម្មនោះទេហើយប្រភេទផ្ទះនីមួយៗភាគច្រើនមានប្រវែងខ្លីហើយក៏មានតែមួយជួរព្រោះនៅទល់មុខជារបងសណ្ឋាគារនិងរបងភូមិគ្រឹះ។ដូច្នេះតំបន់ទី២នេះមានតម្លៃទាបជាងតំបន់ទី១ដែលអាចស្ថិតនៅក្នុងចន្លោះពី៣០០០ទៅ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ លោកវ៉ា វីរៈ ក៏បានបញ្ជាក់បន្ថែមថា តម្លៃខាងលើនេះជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែនៅថ្ងៃខាងមុខនេះ អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ព្រោះជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តែងមានការកើនឡើងក្នុងរង្វង់ប្រមាណ១០–១៥ ភាគរយប្រចាំឆ្នាំ៕