សុខភាពក្នុងវិស័យវាយណភ័ណ្ឌមានភាពប្រសើរនៅដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រកាត់ដេរ និងផលិតស្បែកជើងប្រមាណ១៥ទៀតបានបើកដំនើរ​ការនៅឆ្នាំនេះ ស្របពេលវិស័យដែលតំណាងឲ្យការនាំចេញនេះ មានសុខភាពល្អប្រសើរ ដោយសារការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា លោកបណ្ឌិតកាំង ម៉ូនីកាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ឧសភានេះថា សុខភាពក្នុងវិស័យនេះមានសញ្ញាល្អប្រសើរនៅដើមឆ្នាំនេះ ដោយការបញ្ជាទិញមានការកើនឡើងពីសហរដ្ឋអាមេរិក និងមានរោងចក្រថ្មីៗប្រមាណ១៥បានបើកដំណើរ​ការនៅកម្ពុជា ពិសេសការអនុគ្រោះពន្ឋពីអាមេរិក តាមរយៈប្រព័ន្ឋGSPនឹងជួយទាក់ទាញ​អ្នកវិនិយោគជាច្រើនទៀត មកវិនិយោគនៅកម្ពុជា។

លោកបន្តថា “ប្រព័ន្ឋGSP មិនពាក់ព័នន្ឋសម្លៀកបំពាក់ និងស្បែកជើងទេ ប៉ុន្តែវាពាក់ព័ន្ឋនឹងទំនិញសម្រាប់ធ្វើដំណើរ ដូចជាកាបូប និងវ៉ាលីជាដើម”។លោកបន្តថា “ជាទ្រឹស្តីយើងរំពឹងលទ្ឋផលល្អប្រសើរ ចេញពីប្រព័ន្ឋGSPដែលបាន​អនុម័ត ដោយសហរដ្ឋអាមេរិក ព្រោះវាធ្វើឲ្យទីផ្សាររបស់យើងកាន់តែមានភាពទាក់ទាញ ដោយសារការនាំចេញមិនត្រូវតម្រូវឲ្យបង់ពន្ឋ”។

ជាមួយគ្នានេះកាលពីថ្ងៃទី៣ ឧសភាកន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រ ដោយអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៤ទៀត បើកដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន១៦,៥៣លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា ​គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបើកដំនើរការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន “MASSFLAME ENERGY (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតជីវម៉ាសឥន្ធនៈ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០១កន្លែង។

ទី២ ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតប្រអប់ផ្លាស្ទិកគ្រប់ប្រភេទ និងបង្គុំសម្ភារៈបរិក្ខារអេឡិចត្រូនិក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ខេត្តបន្ទាយមានជ័យ, មានទុនវិនិយោគប្រមាណ ៣,៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧២កន្លែង។ ទី៣ ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតទឹកពិសាបរិសុទ្ធ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានទុនវិនិយោគចំនួន៥,១លា​ន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦២៨កន្លែង។

និងទី៤ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតផលិតផលប្រដាប់ដាក់បំពង់ទឹក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here