ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានហៅឆ្នាំ២០១៨ថា ជាឆ្នាំនៃឧស្សាហកម្ម”ផ្សារទំនើប”ដោយសារនៅឆ្នាំនេះ ផ្សារទំនើបតូចធំប្រមាណ១៣នឹងបើកដំនើរការ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIAបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារបែបសហគមន៍ និងផ្សារទំនើបស្តង់ដាអន្តរជាតិចំនួន១២ នឹងបើកដំណើរការនៅទីក្រុងភ្នំពេញភាគច្រើន ដែលធ្វើឲ្យចំនួនផ្សារកាន់តែច្រើនមាននៅទីក្រុងនេះ និងធ្វើឲ្យស្ថានភាពប្រកួតប្រជែងមានការកើនឡើង ប៉ុន្តែចំនួនផ្សារដែលបើកដំនើរការពីមុនមក និងបើកបន្ថែមនៅឆ្នាំនេះ មិនទាន់លើសតម្រូវការនោះទេ ផ្ទុយទៅវិញបើផ្សារទំនើបថ្មីៗផ្គត់ផ្គង់ច្រើនបែបនេះ នឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវការ។
អ្នកនាងបន្តថា “ផ្សារបែបសហគមន៍ និងផ្សារទំនើបធំៗមួយចំនួនដែលបើកនៅឆ្នាំនេះ វាមិនលើសតម្រូវការទេ ដោយអ្នកវិនិយោគបានជ្រើសរើសទីតាំង និងចាប់យកចំណែកអតិថិជនខុសៗគ្នា”។ អ្នកនាងបន្ថែមថា “អំណាចទិញនៅកម្ពុជាកំពុងមានការកើនឡើង ប៉ុន្តែអ្វីដែលយើងកត់សំគាល់ឃើញ គឺផ្សារបែបសហគមន៍ដែលលក់ចំណីអាហារ និងភេសជ្ជៈជាផ្សារឬជាមុខទំនិញដែលមានតម្រូវការច្រើនជាងគេ”។
ផ្សារទំនើបអន្តរជាតិដែលគ្រោងបើកដំនើរការនៅឆ្នាំនេះ មានដូចជា ផ្សារទំនើបស្តង់ដាអន្តរជាតិ AEON MALL2 , THe BRIDGE Commercial, The Prince Central Plaza, Phnom Penh Mega Mall និងផ្សារបែបសហគមន៍ជាច្រើនទៀតដូចជាផ្សារបែបសហគមន៍ THE PARK, THE COMMUNE, WB ARENA, HERITAGE WALK ក្នុងខេត្តសៀមរាបជាដើម។
នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោកប៉ែន សុខគាបានថ្លែងថា កំនើននៃផ្សារទំនើបនៅកម្ពុជា ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហើយជំរុញឲ្យកំលាំងទិញមានការកើនឡើង កំនើនប្រជាសាស្រ្តនៅក្នុងទីក្រុង ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបជាដើម។
លោកបន្តថា “កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាភាពទាក់ទាញមួយរបស់កម្ពុជា ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ”៕