អ្នកជំនាញប្រាប់ពីវិធីសាស្រ្តចំនួន៦ ដែលគួរខ្ចីឥណទានដើម្បីចាប់ផ្តើមអាជីវកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ពីហេតុផលល្អៗ៦យ៉ាង ដែលអ្នកគួរចេះខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគ (រកស៊ី) ចាប់ពីពេលមានការងារធ្វើដំបូង។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានមានប្រសាសន៍ឲ្យដឹងលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន​ទាក់ទងនឹងការប្រើប្រាស់ ឬខ្ចីឥណទានយកមកចាប់ផ្តើមអាជីវកម្មឬរកស៊ីថា គួរតែធ្វើក្រោមហេតុផលសំខាន់ៗចំនួន៦ ដូចជា ទី១ ធ្វើអោយអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុ: ពេលមានបំណុលជាប់ខ្លួនអ្នកនឹងយល់ថាអ្នកមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ ដូច្នេះអ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។

ទី២ ធ្វើអោយអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ: ពេលខ្ចីប្រាក់មកវិនិយោគអ្នកតែងខ្វល់ខ្វាយ ពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជាសួរខ្លួនឯងថាតើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើនជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណាអាចទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញអោយអ្នកបំពេញការងារដោយមិនខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។ ទី៣ ធ្វើអោយអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រម៉ៃសំរាប់ជីវិត ជារើយៗ ជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវ ថាតើអ្នកចង់ធ្វើអ្វីអោយពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នកប្រហែលជាអាចដកបទពិសោធន៍ជីវិតបានច្រើន អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រម៉ៃសំរាប់ជីវិតទៀតផង។ ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ច ជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។

ទី៤ ធ្វើអោយអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និង រិះគិតពីដំណោះស្រាយ៖ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណាដើម្បីបានប្រាក់មកវិនិយោគ? តើជំរើសនីមួយៗមានហានិភ័យអ្វីខ្លះប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។

ទី៥ ធ្វើអោយអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្រ័ និងសង្គមល្អ: អ្នកបានខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នា ពេលគេនិយាយពីការទិញទូរសព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏មិននិយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៏ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។

និងចំណុចទី៦ ធ្វើអោយអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង: ខ្ចីប្រាមកវិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំបានបទពិសោធន៏ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។ មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភក្រ័ប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរអោយអាណិត ព្រោះឮតែត្អូញត្អែថាធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here