ដោយ ហ្សូលី
ប៉េកាំងៈ ប្រទេសចិនបានអនុម័តលើផ្លូវដែកល្បឿនលឿនថ្មី តភ្ជាប់រវាងទីក្រុងធំពីរនៅភាគខាងលិច នៃប្រទេសដែលចាយទុនប្រមាណជិត១៣ពាន់លានដុល្លារ។ នេះបើតាមឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវដែកប្រវែង ៤៣២.៤គីឡូម៉ែត្រ ដែលមានតម្លៃប្រហែល១២,៨៦ ពាន់លានដុល្លារអាមេរិក នឹងត្រូវឆ្លងកាត់ទីក្រុងផ្សេងទៀតនៅក្នុងខេត្តស៊ីឈួនភាគនិរតី។
ជាមួយនឹងសមិទ្ធផលផ្លូវដែក ល្បឿនលឿនសរុបប្រហែល ៣៦,០០០ គីឡូម៉ែត្រដែលត្រូវបានសាងសង់នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអ្នកនាំមុខពិភពលោកវិស័យដឹកជញ្ជូននេះ ហើយក៏គ្មានផែនការបញ្ឈប់ដែរ។ នៅក្នុងខែសីហាក្រុមហ៊ុនផ្លូវដែកចិន បានបង្ហាញពីផែនការ ដើម្បីពង្រីកបណ្តាញសរុបជិត ៧០,០០០ គីឡូម៉ែត្រក្នុងរយៈពេល១៥ ឆ្នាំខាងមុខ។
ទីក្រុងប៉េកាំងមើលឃើញ ផ្លូវដែកល្បឿនលឿនបន្ថែមទៀត ជាមធ្យោបាយនៃការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីមានការរីករាលដាលនៃ Covid-19 ។ ពិសេសចង់ចែកចាយអត្ថប្រយោជន៍ នៃកំណើនសេដ្ឋកិច្ចឱ្យកាន់តែច្រើនថែមទៀត នៅទូទាំងប្រទេស។
គោលបំណងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិស័យដឹកជញ្ជូន គឺជាការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាជនដែលធ្វើដំណើរច្រើន។ រថភ្លើងអាចធ្វើដំណើរក្នុងល្បឿនជាង២៥០គីឡូម៉ែត្រ / ម៉ោង៕