ដោយស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានអះអាងថា ការសាងសង់អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោកកំពស់៥៦៨ម៉ែត្រ នៅទីក្រុងភ្នំពេញបាននិងកំពុងដំណើរការ ដោយមិនមានការលុបចោលនោះទេ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា គំរោងនេះត្រូវបានលុបចោល ដោយសារអគ្គនាយកក្រុមហ៊ុនចិន ដែលជាដៃគូសហការសាងសង់គំរោងនេះ ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាលោកសាស្ត្រាចារ្យទួស សាភឿន អគ្គនាយកក្រុមហ៊ុនសំណង់ថៃ ប៊ុនរ៉ុងបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គំរោងនេះនៅតែបន្តដំណើរការទៅមុខ មិនមានការលុបចោលនោះទេ ដោយបច្ចុប្បន្ននេះ ការស្ថាបនាជញ្ជាំងទប់ដីជុំវិញគំរោងនេះនៅតែដំណើរការ។
ប៉ុន្តែលោកមិនពន្យល់លំអិតថា ហេតុអ្វីការជីកជញ្ជាំងទប់ដីយឺតជាងផែនការ និងការបើកការដ្ឋានសាងសង់អាគារមេ នឹងចាប់ផ្តើមនៅពេលណាពិតប្រាកដនោះឡើយ។
យ៉ាងណាក៏ដោយកន្លងមក លោកសាស្ត្រាចារ្យទួស សាភឿនធ្លាប់បានឲ្យដឹងថា “ការសាងសង់គំរោងដ៏ធំបែបនេះ មិនមែនធ្វើឡើងដោយល្បឿន តាមចិត្តយើងចង់បាននោះឡើយ វាត្រូវការសិក្សាលើបញ្ហាជាច្រើនទាក់ទងនឹងបញ្ចេកទេស គ្រឹះ ល្បឿនខ្យល់បក់ បញ្ហាបរិស្ថានជាដើម” ។
លោកបន្តថា ក្រុមហ៊ុនបានកុំម៉ង់ដែកថែបរ៉ឹងបំផុត ដែលមានទំហំប៉ុននឹងគ្រឹះរបស់អាគារ ដើម្បីយកមកដាក់នៅបាតគ្រឹះ ហើយដែកនិងសម្ភារៈសំណង់ដទៃទៀតត្រូវបានកុំម៉ង់ និងផលិតយ៉ាងពិសេសសំរាប់សាងសង់។
លោកសាស្ត្រាចារ្យទួស សាភឿនបានបន្តថា “នៅពេលគំរោងនេះសាងសង់ចប់ វានឹងបង្ហាញពីមោទនភាពកម្ពុជា ហើយតាមរយៈគំរោងនេះ នឹងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគអន្តរជាតិ កាន់តែច្រើនថែមទៀតចូលមកវិនិយោគនៅកម្ពុជា” ។ លោកបន្តថា គំរោងនេះនឹងមានការិយាល័យលំដាប់អន្តរជាតិដំបូងគេ ដែលនឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ជ្រើសរើសរាជធានីភ្នំពេញ ជាទីតាំងសំរាប់ការិយាល័យកណ្តាលរបស់ពួកគេ” ។
គំរោងនេះក៏ទទួលបានការគាំទ្រ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែលើកឡើងជារឿងៗក្នុងពេលធ្វើសន្ទរកថានាពេលកន្លងមក។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai BoonRoong Twin Tower នឹងបណ្តុំទៅដោយផ្សារទំនើបលំដាប់ផ្កាយ៥ ការិយាល័យកម្រិតពិភពលោក អាផាតម៉ិនកម្រិតផ្កាយ៥ សណ្ឋាគារកម្រិតផ្កាយ៦ ភោជនីយដ្ឋាន សាលពិព៌ណលំដាប់អន្តរជាតិ សេវាកម្មកំសាន្តចម្រុះ ទីតាំងគយគន់ទេសភាពនៃរាជធានីភ្នំពេញ១៨០ដឺក្រេ។ល៕