ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ លោកអ្នកមួយចំនួនតែងតែគិតថា ការមានមុខជំនួញច្រើនប្រាកដ ជាគ្មានពេលវេលាសម្រាប់គ្រួសារនោះទេ ហើយសុភមង្គលក្នុងគ្រួសារក៏មិនសូវមានពេញលេញដែរ។
ប្រជាជនខ្មែរភាគច្រើនប្រាកដជាស្គាល់អ្នកឧកញ៉ា ម៉ុង រិទ្ឋី អគ្គនាយកក្រុមហ៊ុនម៉ុង រិទ្ឋីគ្រុប និងមានក្រុមហ៊ុនជាបុត្រសម្ពន្ឋជាច្រើនទៀតមិនខាន។ ដោយសារមានមុខជំនួញច្រើនបែបនេះ ប្រហែលជាលោកគ្មានពេលវេលាសម្រាប់ប្រពន្ឋកូននោះទេ ដូច្នេះតើគាត់បែងចែកពេលវេលាសម្រាប់គ្រួសារ និងមុខជំនួញដូចម្តេច ទើបអាចសម្រេចបានជោគជ័យទាំងព្រមយ៉ាងដូច្នេះ ? ចម្ងល់នេះ ប្រាកដជាអ្វីមួយដែលលោកអ្នកចង់ដឹកហើយ ម៉ែនទេ ?
-->

អ្នកឧកញ៉ា ម៉ុង រិទ្ឋី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា យុវជនបច្ចុប្បន្ន មានសំណាង ព្រោះមានសិទ្ឋិ និងពេលវេលាជ្រើសរើសគូស្វាមីភរិយាដោយខ្លួនឯងបាន ខុសពីលោករៀបការ គឺពួកអាពតរៀបការឲ្យទាំងហ្វូង ដែលរហូតមកទល់ពេលនេះអ្នករៀបការជាមួយលោក បានលែងលះគ្នាស្ទើរអស់ទៅហើយ។លោកបន្តថា ការមានគូស្រករដោយជ្រើសរើសបានដោយខ្លួនឯង ពិតជាពិសេសណាស់ ហើយបើរើសខុសទៀត នោះជាកំហុសរបស់យើង មិនមែនកំហុសឪពុកម្តាយ ឬត្រូវបន្ទោសអ្នកណាឡើយ។
ឧកញ៉ាដ៏មានប្រជាប្រិយភាពរូបនេះបានបន្តថា “រវាងការងារជំនួញ និងការថែរទាំភរិយា ឬសុភមង្គលក្នុងគ្រួសារ មិនមានអ្វីគួរឲ្យស្មុគ្រស្មាញទេ សម្រាប់លោក ព្រោះភរិយារបស់លោកមិនបានទាមទារថាថ្ងៃសៅរ៍ ឬអាទិត្យជាពេលវេលារបស់គាត់ឡើយ ហើយលោកទៅណាក៏ភរិយាមិនដែលសួរនាំដែរ។ សំខាន់រស់នៅជាមួយគ្នាត្រូវទុកចិត្តគ្នា”។ លោកបន្តថា “បើលោកទៅព្រៃ នៅចំការដូងប្រេង ភរិយាលោកទៅព្រៃជាមួយលោក មិនដែលទារទៅផ្សារទំនើប ឬទាមទារថ្ងៃសៅរ៍ឬអាទិត្យពីលោកឡើយ”។
អ្នកឧកញ៉ា ម៉ុង រិទ្ឋី បានលើកជាសំណួរថា ហេតុអីត្រូវមានថ្ងៃសៅរ៍ឬអាទិត្យ សម្រាប់គ្នា? ខ្ញុំមិនគិតចឹងទេ ព្រោះប្រពន្ឋខ្ញុំស្រួលដែរ ពេលខ្ញុំទៅណាគាត់ទៅតាម ប៉ុន្តែមិនមែនចេះតែតាមគ្រប់ពេលវេលា មិនរករឿង ប្រច័ណ្ឌខុសពេលវេលាទេ។ លោកថា បើរវល់តែចង់បានថ្ងៃសៅរ៍ ឬអាទិត្យ ឬតាមដាន ប្រច័ណ្ឌគ្រប់ពេលវេលា យើងមិនអាចធ្វើអ្វីកើតនោះទេ ៕
