ដោយ វុត្ថា
កំពតៈ លោក ជាវ តាយ អភិបាលខេត្តកំពតអះអាងថា សង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម្ស៉ៅបៀកភ្នំមាស ដែលបានបោះទីតាំងនៅស្រុកអង្គរជ័យ ពិតជាបានរួមចំណែកយ៉ាងធំធេង ពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់នៅក្នងខេត្តឲ្យមានកំណើនឡើងជាលំដាប់។
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តនៅក្នុងពិធីធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរនិងម្ស៉ៅបៀកភ្នំមាស ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ឱ្យដឹងថា ដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ នេះ ក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ។
លោកបន្តថា សង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម្ស៉ៅបៀកភ្នំមាស ស្ថិតលើផ្ទៃដី ៤០ហិចតា ចំណាយដើមទុន៩លានដុល្លា មានភាគហ៊ុនខ្មែរ និងចិន ៥០ភាគរយបូក ៥០ភាគរយ ប្រើប្រាស់កម្មករសរុប ១៧០នាក់។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ មានសមត្ថភាពផលិតឥដ្ឋក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកផ្ទាល់។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា វិស័យសំណង់នៅក្នុងខេត្តកំពត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈរដ្ឋបាលខេត្ត បានបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់បានល្អប្រសើរ។
ជាក់ស្តែង កាលពីឆ្នាំ ២០១៩ រដ្ឋបាលខេត្ត បានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៨៧,៣០០ដុល្លារអាមេរិក បើ ធៀបទៅនឹងឆ្នាំ២០១៨ គឺមានកំណើន៨០ភាគរយ៕