ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងត្រីមាសទី៤ ជាពិសេសក្នុងអំឡុងដែលកំពុប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកំពុងបន្តកើតមាននៅចុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងត្រីមាសទី២ និងត្រីមាសទី៣នៃឆ្នាំនេះ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ស្រដៀងគ្នាទៅនឹងទីផ្សារជួលអាផាតម៉ិនដែលកំពុងបង្ហាញពីសញ្ញាដាំក្បាលចុះនោះ ងាកមកការជួលខុនដូក៏កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺអត្រាបានធ្លាក់រហូតប្រមាណ៨០ភាគរយបើធៀបទៅនឹងចុងឆ្នាំ២០១៩។
លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់ថាទីផ្សារខុនដូចាប់ផ្តើមមានការទទួលស្គាល់ និងយល់ដឹងពីសំណាក់ប្រជាជនខ្មែរក្នុងស្រុកជាបណ្តើរៗ ប៉ុន្តែសម្រាប់ជនជាតិខ្មែរគឺមិនសូវចូលទៅរស់នៅនោះឡើយ ហើយតម្រូវការជាក់ស្ដែងគឺមានតែជនជាតិបរទេសតែប៉ុណ្ណោះ។ ដោយសារតែបញ្ហាប្រឈមនៃជំងឺជាសាកលដែលមានការបិទជើងហោះហើរ បិទប្រទេស បានធ្វើឱ្យជនបរទេសទាំងនោះផ្អាកចរាចរណ៍ ដូច្នេះហើយបានជាតម្រូវការជួលខុនដូមានការធ្លាក់ចុះ”។






