លោក វ៉ន ចាន់ថន ៖ តម្រូវការ​នៃ​ការជួល​ដី​ក្នុង​រយៈពេល​យូរ​នឹង​ជំរុញ​ឱ្យ​តម្លៃ​ដី​ក្នុង​តំបន់​ឡើង​ខ្ពស់ជាង​ការទិញ​លក់

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ពិតណាស់ថា នៅពេល​ដែលមាន​តម្រូវ​ការទិញ​លក់​លើ​ផ្នែក​ណាមួយ​នៃ​អចលនទ្រព្យ​ដូចជា​លំនៅឋាន ខុន​ដូ​ជាដើម គឺ​តែង​ជំរុញ​ឱ្យ​តម្លៃ​នៃ​ផ្នែក​នោះ​មានការ​កើនឡើង។ ប៉ុន្តែ​សម្រាប់​ផ្នែក​ទីផ្សារ​ដីធ្លី​វិញ​ហាក់​មាន​ភាពខុសប្លែក​ពី​គេ​បន្តិច តម្លៃ​ដី​អាច​មានឱកាស​ឡើងថ្លៃ​ខ្លាំង​គឺ​អាស្រ័យទៅលើ​ទីផ្សារ​ជួល​ក្នុង​រយៈពេល​វែង មិន​ដូច​ការ​ឡើងថ្លៃ​តាមរយៈ​ទីផ្សារ​ទិញ​លក់ ដែល​ឡើង​ខ្ពស់​ក្នុង​មួយរយៈ​ពេល​ខ្លី​ប្រៀប​ដូច​ពពុះ​សាប៊ូ​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ TOWN CITY Real Estate និង​ជា​អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក វ៉ន ចាន់ថន បាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ថ្វី​ត្បិត​តម្រូវការ​នៃ​ការទិញ​លក់​ដី​នៅក្នុង​តំបន់​ណាមួយ​បានធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​តម្រូវ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ​វិញ​គឺ​កាន់តែ​ធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​កាន់តែខ្លាំង ហើយ​មានពេលខ្លះ​អាច​ឡើង​ខ្ពស់​ហួស​ពី​ការរំពឹង​ក៏មានដែរ។

លោក វ៉ន ចាន់ថន បាន​មានប្រសាសន៍​បញ្ជាក់ថា “តម្រូវការ​នៃ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​ណាមួយ ភាគច្រើន​គឺ​គេ​ធ្វើឡើង​មិនមែន​ត្រឹម​រយៈពេល​ខ្លី​នោះទេ ហើយក៏​ធ្វើឡើង​ទៅតាម​គម្រោង និង​ផែនការ​យុទ្ធសាស្ត្រ​របស់​អ្នក​ជួល​ផងដែរ ដែល​យ៉ាងហោចណាស់​ក៏​ចាប់ពី​រយៈពេល​កន្លះ​ឆ្នាំ​ឡើងទៅ ឬ​លើសពីនេះ​រហូតដល់៥-១០ឆ្នាំ​ក៏មាន” ។

លោក​បន្តថា “ប្រសិនបើ​នៅក្នុង​តំបន់​មួយ​ដែលមាន​តម្រូវ​ការជួល​ដី​សម្រាប់​ប្រើប្រាស់​ធ្វើជា​ទីតាំង​វិនិយោគ​លើ​ផ្នែក​អ្វីមួយ ឬ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ផ្សេង ដូចជា​ជួល​សម្រាប់​សាងសង់​ជាឃ្លាំង ជួល​សម្រាប់​សាងសង់​ជា​រោងចក្រ ឬ​ជួល​សម្រាប់​អភិវឌ្ឍន៍​គម្រោង​អាជីវកម្ម​បែប​សហគមន៍ ដែល​គម្រោង​ទាំងអស់នេះ​សុទ្ធ​តែមាន​រយៈពេល​យូរ ដូច្នេះ​ចង់​មិន​ចង់វា​បានធ្វើឱ្យ​ដី​ដែល​ធ្លាប់តែ​នៅ​ទំនេរ ធ្លាប់​នៅតែ​ជា​ដីស្រែ ឬ​ដីដុះ​ស្មៅ​ដែល​គេ​ទុកចោល​ក្លាយជា​ដី​មាន​សកម្មភាព​អាជីវកម្ម។ ក្នុង​រូបភាព​បែបនេះ សាក​នឹក​ស្រមៃ​ទៅ​មើលថា វា​នឹងមាន​ទិដ្ឋភាព​បែបណា? ខ្ញុំ​ចង់​មានន័យថា នៅពេលដែល​តំបន់​ណាមួយ​ដែល​សកម្មភាព​បែបនេះ​វា​នឹង​ជំរុញ​មាន​មនុស្ស​ចូលទៅ​រស់នៅ ហើយ​កាន់តែ​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ដីកា​ន់​តែ​ច្រើន ហើយ​តម្លៃ​ក៏​ដូចគ្នា វា​ក៏​កើនឡើង​ខ្ពស់​ផងដែរ” ។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី​ក្រោម​សកម្មភាព​ទិញ​លក់​វិញ លោក វ៉ន ចាន់ថន បាន​បញ្ជាក់ថា ប្រសិន​គេ​ទិញ​ដើម្បី​អភិវឌ្ឍន៍ ឬ​សាងសង់​គម្រោង​អ្វីមួយ ម្ចាស់​គម្រោង​ក៏​គេ​ទិញ​ដី​ដែលមាន​តម្លៃ​ទាប​ដែល​អាច​សមស្រប​ទៅនឹង​ថ្លៃដើម​នៃ​ខ្ទង់ចំណាយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់គេ​ដែរ មានន័យថា ភាគច្រើន​គេ​ទិញ​ដី​ដែលមាន​ទំហំ និង​មានតម្លៃ​នៅ​ទាប​ដែល​ងាយស្រួល​ក្នុងការ​អភិវឌ្ឍ ងាយស្រួល​លក់ ងាយ​ទទួលបាន​ចំណេញ។

លោក​ថា នៅមាន​រូបភាព​មួយទៀត គឺ​ការ​ឡើងថ្លៃ​នៅពេល​ដែលមាន​សកម្មភាព​ទិញ​ក្នុងពេល​តែមួយ ផ្អើល​ទិញ​តាម​គ្នា​ទាំង​ដែល​តំបន់​នោះ​គ្មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ជាក់លាក់ ឬ​ផ្អើល​ទិញ​តាម​ការ​ញុះ​ញ៉ុ​ង​របស់​ឈ្មួញ ដែល​រូបភាព​បែបនេះ​គេ​តែង​ហៅថា ទីផ្សារ​ពពុះ​សាប៊ូ ឡើងថ្លៃ​តែមួយ​ពេល ហើយក៏​ស្ងប់​បាត់​ឈឹង។ រូបភាព​បែបនេះ​គឺមាន​ច្រើន ហើយក៏​ជាការ​ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ដែល​ផ្អើល​ទិញ​តាម​គេ។ ដូច្នេះ​មុនពេល​សម្រេចចិត្ត​ទិញ គប្បី​សិក្សា ស្វែងយល់​ពី​តម្រូវការ​ប្រើប្រាស់​នៅក្នុង​តំបន់​ឱ្យបាន​ច្បាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here