ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន ៥.៤ ភាគរយនៅឆ្នាំ២០២១

ចែករំលែក

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សេដ្ឋវិទូប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ ខណៈកម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានកំណើននេះ។ នេះបើយោងតាមផេក Facebook ផ្លូវការរបស់ ADB នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ ADB ប្រចាំកម្ពុជា បានឱ្យដឹងថា “សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ភាគរយក្នុងឆ្នាំ ២០២០ ហើយកំណើននឹងស្ទុះឡើង ៥.៤ ភាគរយនៅឆ្នាំ ២០២១”។

លោកបានថ្លែងទៀតថា “កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់ឱ្យដឹងកាលថ្មីៗនេះថា ការព្យាករណ៍គឺជាការព្យាករណ៍ តែសម្រេចបានឬមិនបាន មិនមែនអាស្រ័យលើការព្យាករណ៍នោះទេ វាអាស្រ័យទៅលើការខំប្រឹងរបស់រាជរដ្ឋាភិបាលខ្លួនឯង ថាតើបានធ្វើអ្វីដើម្បីទប់ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ។

លោកបណ្ឌិតបន្តថា “កន្លងមកគេព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តែធាតុពិតអាចសម្រេចបាន លើសការព្យាករណ៍របស់ស្ថាប័នទាំងនោះក៏មានដែរ”។ លោកបន្តថា “សម្រាប់ឆ្នាំ២០២០នេះ យើងឃើញថាកម្ពុជាបានខំប្រឹង កែប្រែ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឱ្យបានសម្រេចបានតាមការព្យាករណ៍របស់គេ ឬអាចលើសការព្យាករណ៍របស់គេ”។

លោកបណ្ឌិតបន្ថែមថា ឆ្នាំ២០២០នេះ ប្រទេសទាំងអស់លើពិភពលោក គ្មានប្រទេស ណាដែលគេចផុតពីវិបត្តិនៃកូវីដ១៩នេះទេ តែមានប្រទេសខ្លះបានរក្សានូវសេដ្ឋកិច្ចក្នុងកម្រិតមិនធ្លាក់ចុះខ្លាំង ហើយក៏មានប្រទេសខ្លះទៀតមានវិបត្តិធ្ងន់ធ្ងរ ហើយសម្រាប់កម្ពុជាក៏គេចមិនផុតពីវិបត្តិនៃកូវីដ១៩នេះដែរ។

ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី កន្លងមកបានកោតសរសើរកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដែលបណ្ដាលមកពីកូវីដ១៩ ដូចជា ការបញ្ចេញថវិកាសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ដែលជាទប់នូវការធ្លាក់ចុះអត្រាក្រីក្រកាន់តែច្រើន និងការទប់ស្កាត់ផលប៉ះពាល់ទៅលើវិស័យឯកជនជាច្រើនទៀតផងដែរ។
របាយការណ៍របស់ធនាគារពិភពលោកកន្លងមកបង្ហាញថា ថ្វីត្បិតតែការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងធ្លាក់ចុះក្ដី តែក៏បានជំនួសនូវផលិតផលផ្សេងដែលមានតម្លៃខ្ពស់ និងការនាំចេញផលិតផលកសិកម្មនៅដើមឆ្នាំ២០២០ ក៏មានសន្ទុះងើបឡើងល្អប្រសើរផងដែរ៕


ចែករំលែក