ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបាននិយាយថា យុវជនកម្ពុជាកាន់តែច្រើនបានចាប់អារម្មណ៍ខុនដូ ជាជាងផ្ទះល្វែង ខណៈដែលខុនដូបាន និងកំពុងផ្តល់បែបផែនជីវិតថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។
កញ្ញាឈុន កញ្ញាដែលមានស្រុកកំនើតនៅខេត្តក្រចេះ និងបានមករស់នៅទីក្រុងភ្នំពេញរយៈពេល៥ឆ្នាំកន្លងមកនេះ បាននិយាយឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសនាពេលថ្មីៗនេះថា បច្ចុប្បន្នកញ្ញាបានរស់នៅខុនដូ ដែលឳពុក ម្តាយបានទិញឲ្យនៅក្នុងខ័ណ្ឌសែនសុខ។
កញ្ញាបន្តថា “ការរស់នៅលើខុនដូបានធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារខុនដូមានកំពស់ខ្ពស់ៗ ដែលផ្តល់នូវបរិយាកាស និងខ្យល់អាកាសស្រស់ស្រាយទាំងពេលព្រឹក និងពេលល្ងាច”។ កញ្ញាបន្តថា “វាជាបែបផែនជីវិតថ្មី ដែលខ្ញុំនិងយុវជនផ្សេងៗទៀតចូលចិត្ត ហើយខ្ញុំគិតថា យុវវ័យភាគច្រើនកំពុងចាប់អារម្មណ៍ដូចខ្ញុំដដែរ”។
ជាមួយគ្នានេះ កញ្ញាស្រីទូច ដែលមានស្រុកកំនើតនៅស្រុកគិរីវង្ស ខេត្តតាកែវបាននិយាយឲ្យដឹងផងដែរថា ការរស់នៅតាមខុនដូ និងផ្ទះល្វែង មានសភាពមិនដូចគ្នានោះទេ បើសិនជាជ្រើសរើសផ្ទះល្វែង នៅកណ្តាលក្រុងងាយស្រូលក្នុងការធ្វើដំណើរមកធ្វើការកញ្ញានឹងរើសផ្ទះល្វែង ប្រសិនជាមានតម្លៃដូចគ្នានឹងខុនដូ ប៉ុន្តែបើផ្ទះល្វែងនៅឆ្ងាយពីទីក្រុង ពិបាកធ្វើដំណើរ កញ្ញានឹងសម្រេចចិត្តរស់នៅតាមខុនដូវិញ។
កញ្ញាបន្តថា “តាមខ្ញុំដឹង និងអានព៌តមានច្រើន ខុនដូពិតជាផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព មានអ្វីៗគ្រប់យ៉ាង ប្រសិនជាគំរោងខុនដូនោះធំ ហេតុនេះបើខុនដូមានតម្លៃសមរម្យ ប្រហាក់ប្រហែលនឹងផ្ទះល្វែង ខ្ញុំនឹងរស់នៅតាមខុនដូហើយ”។កញ្ញាបន្តទៀតថា “ផ្ទះល្វែង ដែលមានចម្ងាយ១០ទៅ២០គីឡូម៉ែត្រ នាតំបន់ជាយក្រុង ពិតជាពិបាកក្នុងការធ្វើដំណើរ ហេតុនេះជម្រើសនាពេលអនាគតរបស់ខ្ញុំ គឺជ្រើសរើសខុនដូ ទោះបីមិនមានទំហំធំ តែវាផ្តល់ឲ្យជីវិតមានផាសុខភាព”។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសាសន៍ដោយទទួលស្គាល់ថា ខុនដូកាន់តែមានភាពទាក់ទាញសំរាប់ប្រជាជនកម្ពុជា ដោយការលក់របស់យើងបច្ចុប្បន្ន បានផ្តោតលើអតិថិជនក្នុងស្រុក ជាលទ្ឋផលទាំងប្រជាជនទទូទៅ ពិសេសយុវជនវ័យក្មេងពួកគេចង់រស់នៅខុនដូ ជាជាងផ្ទះល្វែង។
លោកបន្តថា “”អ្នកសាកគិតមើល ខុនដូមានអ្វីគ្រប់យ៉ាង ដែលផ្តល់ឲ្យជីវិតរស់នៅយ៉ាងគាប់ប្រសើរ ពួកគេចុះពីផ្ទះពួកគេ ពួកគេរស់នៅសហគមន៍ដែលមានភោជនីយដ្ឋាន បា មានកន្លែងហាត់ប្រាណ មានសន្តិសុខ២៤ម៉ោង មានSky Barដែលអាចសំរាកលំហែរបាន”។លោកបន្តថា “ផ្ទះល្វែងមានអ្វី? ចេញពីផ្ទះមកធ្វើការឆ្ងាយ ចំណាយពេលក្នុងការធ្វើដំណើរយូរ និងបរិស្ថានជុំវិញមិនមានផាសុខភាព”។
លោកបន្តថា មើលឃើញចំណុចនេះហើយ ទើបយុវជនភាគច្រើន ដែលលោកបានសាកសួរ ពួកគេជ្រើសរើសខុនដូកាន់តែច្រើន ហើយពួកគេមានក្តីស្រម័យនាពេលអនាគតមួយយ៉ាងត្រចះត្រចង់៕