ដោយៈ រ៉ាណេត
កំពង់ចាមៈ ស្ថិតនៅក្នុងផែនការនៃប្លងមេអភិវឌ្ឍន៍ក្រុង រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការពន្លឿន នូវសកម្មភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងក្រុងកំពង់ចាម ទាំងផ្លូវតូច និងផ្លូវធំក្នុងក្រុង ក៏ដូចជាផ្លូវវាងក្រុង បាន និងកំពុងពន្លឿនការសាងសង់ឱ្យកាន់តែមានភាពល្អប្រសើរ បង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផងដែរ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាដោយការអ៊ុតកៅស៊ូបេទីម លើកំណាត់ផ្លូវចំនួន៣ខ្សែ ស្ថិតនៅក្នុងក្រុងកំពង់ចាមនៅរសៀលថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០កន្លងមកបានមានប្រសាសន៍ថា រាល់ការសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុង និងខេត្តសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលអាចបង្កើនកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកអភិបាលក៏បានណែនាំដល់មន្ត្រីជំនាញ ក៏ដូចជាក្រុមការងារជំនាញត្រូវយកចិត្តទុកដាក់ អនុវត្តន៍តាមកម្រិតស្តង់ដា លក្ខណៈបច្ចេកទេសដើម្បីធានាគុណភាព សោភ័ណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ការអ៊ុតផ្លូវទាំង៣ខ្សែក្នុងក្រុងកំពង់ចាម ដែលមានប្រវែង២.៨៤៥ ម៉ែត្រប្រើប្រាស់ គម្រោងថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលខ្សែទី១ ប្រវែង១.៥៦២ម៉ែត្រលើ ផ្លូវលេខ៧ចាស់ មានទទឹង១០ម៉ែត្រ ចាប់ពីផ្លូវកែងរង្វង់មូល (១-៧៩) ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវព្រះមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ក្រុងកំពង់ចាម។ ខ្សែទី២ (ផ្លូវលេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ខ្សែទី៣ (ផ្លូវលេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ដល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា ពាក់ព័ន្ធវិស័យទេសចរណ៍ ខេត្តកំពង់ចាម មិនទាន់ប្រែក្លាយជាគោលដៅទេសចរណ៍ ដើម្បីប្រកួតប្រជែងជាមួយបណ្តាខេត្តផ្សេងទៀត ដែលមានប្រាំង្គប្រាសាទបុរាណល្បីៗ ដែលជាប់ចំណាត់ថ្នាក់ជាបេតិកភ័ណ្ឌពិភពលោកយ៉ាងណាក៏ដោយ ប៉ុន្តែយើងកំពុងរៀបចំតំបន់ រមណីយដ្ឋានទេសចរណ៍មួយចំនួនបន្ថែមទៀត។
លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា“ទោះជាយ៉ាងណាយើងមានគោលដៅទេសចរណ៍ សម្រាប់ក្រុងកំពង់ចាម ដែលបាននិងកំពុងស្រូបបាននូវភ្ញៀវនូវភ្ញៀវទេសចរធ្វើដំណើរតាមកប៉ាល់ មកពីបណ្តាប្រទេសហ្វីពិន ប្រទេសឥណ្ឌូនេស៊ី ឆ្លងកាត់ប្រទេសវៀតណាមមកលេងក្រុងកំពង់ចាមតែម្តង” ។
លោកបានមានប្រសាសន៍បន្តថា ភ្ញៀវទាំងនោះបានឈប់សំចតកប៉ាល់នៅកំពង់ផែក្រុងនេះ ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ដូចជា រមណីយដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានប្រាសាទនគរបាជ័យ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី ក្នុងស្រុកកំពង់សៀម៕