ប្រធាន GRA អំពាវនាវ​ឱ្យ​អតិថិជន​ប្រើ​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនវត្ថុ​អាជីពជៀសវាង​ជួប​ហានិភ័យ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក សំ សុខ​នឿន បានធ្វើការ​អំពាវនាវ​ដល់​អតិថិជន ក៏ដូចជា​សាធារណៈជន​ទូទៅ​ដែលមាន​បំណង​ទិញ-លក់​អចលនវត្ថុ គួរតែ​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អាជីព​ស្របច្បាប់ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ ជៀសវាង​ជួប​ហានិភ័យ ឬ​ខាតបង់​ដោយ​ប្រការ​ណាមួយ។

លោក​ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Kw Sam Sn Realty បាន​លើកឡើងថា ដោយសារតែ​វិស័យ​អចលនទ្រព្យ​មាន​ភាព​ទូលាយ និង​មានឱកាស​ខ្ពស់ ក្នុងការ​ទទួលបាន​ចំណូល​បាន​ជំរុញ ឱ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ចូលមក​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ ដែល​ក្នុងនោះ​មាន​ទាំង​អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍ ជាពិសេស​អ្នកបម្រើ​សេវាកម្ម​ក្នុងនាម​ជា​ភ្នាក់ងារ។

លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ថា “នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មានការ​បង្កើតជា​ក្រុមហ៊ុន ជា​ក្រុមការងារ ក៏ដូចជា​នីតិបុគ្គល​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ក្នុង​ការទិញ-លក់ និង​ជួល ដើម្បី​ទទួលបាន​ចំណូល​តាមរយៈ​កម្រៃជើងសា​រ” ។ លោក​បន្តថា “ប៉ុន្តែ​អ្វីដែល​សំខាន់ នៅក្នុង​ចំណោម​អ្នក​ទាំងអស់នោះ មាន​អ្នកខ្លះ​អនុវត្ត​ស្របតាម​ក្រមសីលធម៌ មាន​វិជ្ជាជីវៈ និង​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់ ដោយ​ក្រសួង​ត្រឹមត្រូវ ហើយ​ក៏មាន​អ្នកខ្លះ​អនុវត្ត​ទីផ្សារ ទាំង​ដែល​មិន​អាជ្ញាប័ណ្ណ​ផងដែរ ដែល​អាចធ្វើឱ្យ​អតិថិជន​របស់ខ្លួន​ជួប​ហានិភ័យ ខាតបង់​ខ្ពស់បំផុត” ។

លោក​បាន​បន្តថា គុណសម្បត្តិ​នៃ​ការប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន​ភ្នាក់ងារ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្រោម​ការទទួលបាន​កិច្ច​បណ្តុះបណ្តាល​ចំណេះដឹង ជំនាញ​ទីផ្សារ​អចលនទ្រព្យ​ច្បាស់លាស់​គឺមាន ទី១ ទទួលបាន​សុវត្ថិភាព​ខ្ពស់ ទាំង​ការទិញ​លក់ និង​វិនិយោគ ទី២ ទទួលបាន​ការប្រឹក្សា​អំពី​ទីផ្សារ និង​ប្រភេទ​អចលនវត្ថុ​ច្បាស់លាស់ ទាំង​តម្លៃ និង​ភាពស្របច្បាប់។

ទី៣ រាល់​ការទិញ លក់ តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អាជីព ក៏​ជាការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ស្របច្បាប់ មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ជាប់​ជាប្រចាំ ដូច្នេះ​សរុប​ជារួម ការប្រើ​សេវាកម្ម​ជាមួយ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ស្របច្បាប់​គឺមាន​គុណសម្បត្តិ​ច្រើនជាង​គុណវិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here