ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការសម្រេចចិត្តជ្រើសរើសគំោរោងខុនដូណាមូយ ជារឿងប្រយ័ត្នប្រយែង ដើម្បីកុំឲ្យមានការស្តាយក្រោយ ហេតុនេះការទិញខុនដូ ដើម្បីវិនិយោគឬសំរាប់រស់នៅគួរសិក្សាលើចំណុចសំខាន់ៗជាច្រើន។
សិក្សាទៅលើសហគមន៍
សហគមន៍ជុំវិញមានសារៈសំខាន់ណាស់ មិនថារស់នៅតាមខុនដូ ឬបុរីនោះទេ ប៉ុន្តែវាផ្តល់ឲ្យការរស់នៅមានផាសុខភាព ស៊ីវិល័យ ដែលគំរោងមួយចំនួនផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសំរាប់ការលំហែរ ពិសេសការធ្វើដំណើរទៅកាន់ទីតាំងគោលដៅសំខាន់ៗ ដូចជា ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដទៃទៀត ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ជាដើម។
ការមានផ្សារទំនើប មានគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មកំសាន្តដ៏សម្បូរបែប ដែលផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះ ងាយស្រួលក្នុងការស្វែងរកសេវាកម្មរស់នៅ ប្រកបដោយភាពស៊ីវិល័យ។
សិក្សាលើសេវាកម្មគ្រប់គ្រងអាគារ
ដោយសារខុនដូ ជាលំនៅដ្ឋានបែបសហកម្មសិទ្ឋ ហេតុនេះគំរោងនិមួយៗ តែងតែមានមនុស្សរស់នៅចម្រុះ ឬមានគ្រួសារច្រើន ហេតុនេះគំរោងខុនដូដែលមានសេវាកម្មគ្រប់គ្រងប្រកបដោយស្តង់ដា នឹងជួយសម្រួលដល់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ និងសេវាកម្មនៅក្នុងអាគារផងដែរ។
ការដែលគំរោងមិនមានអ្នកគ្រប់គ្រង ឬក្រុមហ៊ុនគ្រប់គ្រងប្រកបដោយស្តង់ដាទេ នឹងអាចធ្វើឲ្យការរស់នៅមានការលំបាក លើផ្នែកសេវាកម្មគ្រប់គ្រង ការថែរទាំអាគារជាដើម។
ចំណតយានយន្ត
សភាពាណិជ្ជកម្មអឺរ៉ុប ធ្លាប់ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មលើមាត្រាមួយចំនួនទាក់ទងនឹង “ច្បាប់សហកម្មសិទ្ឋ” ផងដែរ ដោយសារច្បាប់នេះមិនបានចែងច្បាស់ពីចំណតយានយន្ត ដែលគម្រោងនិមួយៗត្រូវមាន និងបំពេញឥ្យអតិថិជន។
ឧទាហរណ៍គំរោងខ្លះ មានផ្ទះចំនួន១០០០យូនីត ប៉ុន្តែមានចំណតរថយន្តតែ៥០០ឬតិចជាងនេះ វាអាចធ្វើឲ្យអ្នករស់នៅមានបញ្ហាប្រឈម ឬឈ្លោះគ្នាទាក់ទងនឹងចំណតយានយន្តនៅពេលអនាគត ប៉ុន្តែបច្ចុប្បន្នមានម្ចាស់គម្រោងខ្លះបានលក់ចំណតយានយន្ត ដើម្បីឲ្យអ្នកទិញខុនដូលើគំរោងរបស់ខ្លួន មិនមានហានិភ័យលើចំណតយានយន្តនាពេលអនាគត។
ជណ្តើរយន្ត និងជណ្តើរសង្រ្គោះ
បញ្ហាជណ្តើរយន្ត និងជណ្តើរសង្រ្គោះ ក៏ទាមទារឲ្យអ្នកទិញឬវិនិយោគខុនដូគិតគូផងដែរ ដោយសារខុនដូជាផ្នែកថ្មីមួយនៅកម្ពុជា ហេតុនេះអ្នកអភិវឌ្ឍន៍មួយចំនួន មិនបានគិតពីស្តង់ដានៅឡើយទេ ពួកគេគិតតែប្រាក់ចំណេញ។ ហេតុនេះជណ្តើរយន្ត ត្រូវប្រាកដថាមានគ្រប់គ្រាន់ សមស្របនឹងចំនួនយូនីតខុនដូដែលមាន។
ច្បាប់ និងបទដ្ឋានគតិយុត្តិនានា
ចំណុចនេះកាន់តែសំខាន់ ដែលអ្នកទិញខុនដូត្រូវប្រាកដថា គំរោងដែលខ្លួនបានទិញមានច្បាប់សាងសង់ មានច្បាប់អនុញ្ញាត្តឲ្យលក់ មានធារារ៉ាប់រង ព្រោះច្បាប់ទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យការរស់នៅឬផ្ទះរបស់ខ្លួនមានភាពស្របច្បាប់ ពិសេសត្រូវប្រាកដថា គម្រោងដែលលោកអ្នកបានទិញ មិនជាប់គាំងកណ្តាលទី នៅពេលក្រុមហ៊ុនមិនមានទុនគ្រប់គ្រាន់ក្នុងការសាងសង់។
ហេតុនេះការសិក្សាពីប្រវត្តិក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនវិនិយោគជាចំណុចដែលមិនគួរមើលរំលងនោះទេ។
លើសពីនេះការទិញធានារ៉ាប់រងរបស់ម្ចាស់អាគារខុនដូ រឹតតែសំខាន់ ព្រោះនៅពេលមានឧបទ្ទវហេតុ ឬភ្លើងឆេះ ករណីរញ្ជូយដី ឬប្រធានស័ក្តិណាមួយកើតឡើង គឺផ្ទះដែលខ្លួនបានទិញមានការសងប្រាក់ ឬុមានការធានារ៉ាប់រងត្រឹមត្រូវ ប្រសិនជាអាគារដួលរលំ តើអ្នកណាត្រូវសាងសង់ឡើងវិញ ក្រុមហ៊ុនធានារ៉ាប់រង ឬម្ចាស់អាគារឬម្ចាស់យូនីតនិមួយៗ។
គេហទំព័រPropertyarea.asiaនឹងនាំចំណេះដឹងថ្មីៗបន្ថែមទៀត នៅពេលខាងមុខ ដល់លោក លោកស្រី មិត្តអ្នកអាន៕