តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋកើនឡើង ស្របពេលការទិញលកដីធ្លីបាន កើតមានយ៉ាងសកម្ម

0

        ដោយគង់ សូរិយា

        ភ្នំពេញៈតម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋបាននិងកំពុងកើនឡើង ស្របពេលការទិញលក់កើតមានយ៉ាងសកម្ម ខណៈបុរីពិភពថ្មីបាន និងកំពុងត្រៀមសាងសង់គំរោងដ៏ធំនៅតំបន់នេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនារសៀលថកងៃទី១៦ ធ្នូនេះថា តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញបានកើនឡើងច្រើន ដោយសារកត្តាជាច្រើន ដូចជា តំបន់នេះមានភូមិសាស្រ្តកៀកនឹងរាជធានីភ្នំពេញ មានប្រជាជនចេញចូលច្រើន មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អ​ប្រសើរ មានគំរោងលំនៅដ្ឋាន បុរី ពិសេសបុរីពិភពថ្មីបាននិងកំពុងត្រៀមអភិវឌ្ឍន៍នៅតំបន់់នេះ។

លោកបន្តថា “កាលពីបីបួនឆ្នាំមុន ដីស្រែនិងស្ថិតនៅលើផ្លូវលំតូចៗមានចន្លោះពី៥ទៅ១០ដុល្លារ ប៉ុន្តែបច្ចុប្បន្នតម្លៃបានកើនឡើង ដល់៣០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទំហំដី និងភូមិសាស្រ្តអំណោយផលឬអត់”។លោកបន្តថា “ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំតំបន់នេះ ដើម្បីទាក់ទាញទេសចរណ៍ ក្នុងគោលដៅផ្តល់ចំណូលដល់ប្រជាជនមូលដ្ឋានផងដែរ ដែលធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងប្រជាសាស្រ្ត និងការអភិវឌ្ឈពីវិស័យឯកជន នឹងធ្វើឲ្យតំបន់នេះមានភាពរីកចម្រើនខ្លាំងនាពេលអនា​គត ពិសេសនៅពេលដែលស្ថាប័នក្រសួង មន្ទីរមួយចំនួនសាងសង់រួចនៅតំបន់់កប់ស្រូវ ដែលស្ថិតនៅជាប់គ្នានឹងតំបន់ខាងលើនេះ។

លោកបន្តថា “តាមខ្ញុំដឹងព៌តមានពីមន្រ្តីរដ្ឋាភិបាលបានបង្ហើបថា តំបន់ភ្នំប្រសិទ្ឋនឹងកាត់ចូលមកក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នៅកំឡុងឆ្នាំ២០២៥ឬឆ្នាំ២០៣០ខាងមុខនេះ”។

តំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញគឺស្ថិតនៅទីតាំងទួលខ្ពស់ មានផ្លូវធំៗចំនួន២ រួមមានផ្លូវលេខ៤២ និងផ្លូវ ១៣០ កំពុងមានចរាចរណ៍ស្រាប់ ហើយផ្លូវតូចធំមួយចំនួនទៀតក៏ត្រូវបានតភ្ជាប់ទៅកាន់ផ្លូវសំខាន់ផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ដែលអនុគ្រោះដល់ការអភិវឌ្ឍលើវិស័យលំដ្ឋាន។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា តំបន់នេះមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍ មានផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹកស្អាតមិនទាន់ភ្ជាប់នៅឡើយទេ។

លោកបន្តថា “ដីតំបន់នេះខ្ពស់ មិនប្រឈមមុខនឹងការលិចទឹក ដែលធ្វើឱ្យអ្នកអភិ​វឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់ចំណាយទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានធំៗចូលទៅតំបន់នេះនៅឡើយ ហើយវាក៏ជាឱកាសសម្រាប់វិនិយោគផងដែរ”។

លោកម៉ាន់ ច័ន្ទឌីបានបញ្ជាក់ថា មិនយូរទៀតនោះទេ តំបន់ជាយក្រុងខាងលើនេះ នឹងមានការរីកចម្រើន អភិវឌ្ឍន៍កាន់ឆាប់រហ័ស ស្របពេលដែលគម្រោងរបស់រដ្ឋាភិបាលលើការកែសម្រួល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមពង្រឹង និងពន្លឿនឱ្យស្រ​ប​ទៅតាមផែនការមេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here